ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងឧកញ៉ាៗ និងសប្បុរសជននានាដែលបានជួយទិញស្រូវពីប្រជាកសិករនៅក្នុងគ្រាលំបាក ដែលប្រជាកសិករពិបាកក្នុងការលក់ស្រូវ និងលក់បានក្នុងតម្លៃទាប។

សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
សម្ដេចធិបតី បានលើកឡើងថា ការជួយនេះទោះតិចឬច្រើន ក៏ជាទឹកចិត្ដសំខាន់ខ្លាំងណាស់។ ការជួយនេះប្រសើរជាងអ្នកប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេស ដែលតែងតែអួតថាស្នេហាជាតិ គ្មានបានធ្វើអ្វីសោះ ខំប្រឹងឱ្យបរទេសកាត់ជំនួយ កាត់ទីផ្សារពីប្រទេសកម្ពុជា។
សូមជម្រាបជូនថា កន្លងទៅថ្មីៗនេះមានសប្បុរសជន អ្នកឧកញ៉ា ឧកញ៉ាជាច្រើននាក់បានប្រកាសជួយទិញស្រូវពីប្រជាកសិករ ក្នុងតម្លៃខ្ពស់ជាងទីផ្សារ។ ជាក់ស្ដែងយើងឃើញមានដូចជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទិញ១០០០តោន, ឧកញ៉ា ព្រាប សុវត្ថិ ៥០តោន, ឧកញ៉ា ខេមរៈ សិរីមន្ត ៥០តោន,លោកជំទាវឧកញ៉ា សុខ រស្មី ៣៥តោន, លោក ខេម ៣០តោន, លោក ខាន់ ជេមស៌ ២០តោន រួមទាំងសប្បុរសជនជាច្រើននាក់ទៀត៕






















