កន្លងផុតទៅជិត ២០ឆ្នាំទៅហើយ តាមពិតកូនដំរីឈ្មោះ ឡាក់គី ដែលធ្លាប់បានចូលរួមសម្តែងជាមួយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ពេញវ័យទៅហើយ និងកំពុងរស់នៅយ៉ាងមានក្តីសុខក្នុងសួនសត្វភ្នំតាម៉ៅហើយក៏បម្រើដល់វិស្ស័យទេសចរណ៍នៅទីនោះផងដែរ។

បន្ទាប់ពីបានមើលឃើញនូវវត្តមានដំរីមួយក្បាលនេះ តាមរយៈការផ្សព្វផ្សាយ ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញក្តីនឹករលឹក និងបញ្ជាក់ថា ឆាប់ៗនេះលោកនឹងទៅជួបដំរី ឡាក់គី ហើយរាំជាមួយគ្នាម្តងទៀត។
ឡាក់គី ជាដំរីដែលធ្លាប់បានចូលរួមសម្តែងជាមួយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ តាមរយៈបទ ដំរីថ្នមស្នេហ៍ កាលពី១៩ឆ្នាំមុន ខណៈបច្ចុប្បន្ន ដំរីមួយក្បាលនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ ពីទេសចរក្នុងស្រុក។
ជាការកត់កត់សម្គាល់ បច្ចុប្បន្ន ហ្វូងដំរីនៅសួនសត្វភ្នំតាម៉ៅ កំពុងក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់អ្នកទេសចរ ពិសេសកូនដំរីដ៏កម្សត់ លំផាត់ ខណៈថ្មីៗនេះ អ្នកមើលថែ ទើបតែបើកបង្ហាញប្រវត្តិដំរី ឡាក់គី ធ្វើឱ្យកំពូលតារាចម្រៀង ព្រាប សុវត្ថិ មានក្តីនឹករលឹក និងសន្យាថា ទៅជួបដំរីឡាក់គីឆាប់ៗនេះមិនខានឡើយ។
គួររំលឹកថា តាមរយៈបទ ដំរីថ្នមស្នេហ៍ ដំរី ឡាក់គី បានបង្ហាញទេពកោសល្យរាំ ញាំងឱ្យរូបភាពក្នុងវីដេអូចម្រៀងបងស្នាយ កាលគ្រានោះ កាន់តែប្លែកអារម្មណ៍សម្រាប់អ្នកទស្សនា អមនឹងសំនៀងពិរោះរណ្តំរបស់លោក ស្តាប់មិនជិនណាយ៕



