លោកអ្នកឧកញ៉ា២រូប គឺលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមពិធីកាតខ្សែរបូ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងពិព័រណ៍ផលិតផលកម្ពុជា-ចិន។

ពិធីស្វាគមន៍និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងពិព័រណ៍ផលិផលកម្ពុជា-ចិន ដែលរៀបចំដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានបើកសម្ពោធជាផ្លូវការនាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ពុង ឃាវសែ, លោកអ្នកឧកញ៉ា ភាព ហៀក,អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា រួមជាមួយវត្តមានតំណាងស្ថានទូតចិនប្រចាំកម្ពុជា សមាគមចិន ក្រុមហ៊ុន សហគ្រាស និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងពិព័រណ៍ផលិតផលកម្ពុជា-ចិន ធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងស្នូលគឺ “ផ្សព្វផ្សាយវប្បធម៌កម្ពុជា-ចិន” ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាពប្រពៃណីរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរវប្បធម៌ រួមគ្នាបង្កើតទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ ក្នុងនោះក៏មានរៀបចំកម្មវិធីសំខាន់ៗជាច្រើន មានជាអាទិ៍៖ (១) កម្មវិធីសម្តែងសិល្បៈវប្បធម៌ប្រពៃណីកម្ពុជា-ចិន។ (២) ពិព័រណ៍ម្ហូបអាហារបែបខ្មែរនិងចិន។ (៣) ការធ្វើវត្ថុអនុស្សាវរីយ៍បែបប្រពៃណីចិន រួមមានគ្រឿងលម្អ ការកាត់បិទក្រដាស។ល។ (៤) កម្មវិធីលេងល្បែងកម្សាន្តប្រជាប្រិយ កម្មវិធីចាប់រង្វាន់ និង កម្មវិធីផ្តល់វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើន។
គួររម្លឹកថា នេះជាលើកដំបូងដែលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងពិព័រណ៍ផលិតផលកម្ពុជា-ចិន ដែលមានទ្រង់ទ្រាយធំបែបនេះ ដោយទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ហើយសមាគមក៏គ្រោងនឹងកំណត់ថ្ងៃដើម្បីប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរឹតចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរនិងស្វែងយល់ពីវប្បធម៌ ប្រពៃណីរវាងកម្ពុជានិងចិន៕















