លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អគ្គនាយិការងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ បានបង្ហើបពីយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការដឹកនាំអ្នកក្រោមឱវាទ ឱ្យកាន់តែរីកចម្រើន ទទួលបានជោគជ័យ និងអាចបង្កើតបាននូវលទ្ធផលដ៏អស្ចារ្យ។

លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ថា ការដឹកនាំមិនមែនគ្រាន់តែណែនាំអ្នកក្រោមឱវាទឱ្យធ្វើនោះទេ វាជាការមើលឃើញពីសក្ដានុពលរបស់បុគ្គលម្នាក់ៗ ហើយជួយធ្វើឱ្យអ្វីដែលពួកគាត់មានស្រាប់កាន់រីកចម្រើន។ សម្រាប់លោកជំទាវ ការដឹកនាំមិនមែនជាការបង្គាប់ ឬបញ្ជាឱ្យធ្វើនេះធ្វើនោះដោយអំណាចនោះទេ ប៉ុន្តែយើងត្រូវចេះស្ដាប់ ស្វែងយល់ និងជំរុញទឹកចិត្តតាមរយៈទង្វើសកម្មភាព។
អ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៥ លោកជំទាវនឹងផ្ដោតសំខាន់ទៅលើការជំរុញប្រែក្លាយសមាគមឱ្យទៅជាកន្លែងមួយ ដែលគ្រប់គ្នាមានអារម្មណ៍ថាខ្លួនទទួលបានការលើកទឹកចិត្តដើម្បីជោគជ័យ។ ការដឹកនាំត្រូវតែផ្សារភ្ជាប់នឹងការអត់ឱន ការចេះបន្ទាបខ្លួន និងគោលដៅដើម្បីបង្កើតលទ្ធផលដ៏អស្ចារ្យ។ រួមគ្នា លោកជំទាវជឿជាក់ថា ពិតជាអាចសម្រេចនូវសមិទ្ធផលជាទីកត់សម្គាល់យ៉ាងពិតប្រាកដ។
គួររំឭកថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិទី៦ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែលត្រូវដឹកនាំសមាគមមួយនេះ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៩។ បន្ទាប់ពីទទួលតំណែងជាប្រធានសមាគម ក្នុងចំណោមកិច្ចការអទិភាពជាច្រើន លោកជំទាវអ្នកឧកញ៉ា បានយកចិត្តទុកយ៉ាងខ្លាំង លើការរៀបចំឱ្យមានទីកន្លែងសមរម្យក្នុងការបំពេញការងារជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់សមាគមសិល្បករខ្មែរ ជាពិសេសបង្កលក្ខណៈងាយស្រួលជូនដល់សិល្បករ-សិល្បការិនី ដែលមានតម្រូវការសេវានានារបស់សមាគម៕



