នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា លី ហួរ អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានដឹកនាំថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាស្តីពី កិច្ចសហប្រតិបត្តការពាណិជ្ជកម្ម និងវិនិយោគ ជាមួយឯកឧត្តម Jam Kamal Khan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន អមដោយវត្តមានរបស់ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោកអ្នកឧកញ៉ាបានសម្ដែងកិច្ចស្វាគមន៍ចំពោះ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងប្រតិភូអមទាំងអស់ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពិសេស បានចំណាយពេលវេលាដ៏មានតម្លៃមកកាន់ទីស្នាក់សមាគមឧកញ៉ាកម្ពុជា ក្នុងគោលបំណងកសាងទំនាក់ទំនងល្អ និងស្វែងយល់អំពីបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជា ចែករំលែកអំពីវិស័យអាទិភាព និងសក្តានុពលវិនិយោគនៅប៉ាគីស្ថានផងដែរ។ លោកអ្នកឧកញ៉ាបានថ្លែងថា ជំនួបដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺជាជំហាននៃកិច្ចចាប់ផ្តើមក្នុងការកសាងទំនាក់ទំនងជាមួយគ្នា ខណៈដែលសមាគមឧកញ៉ាកម្ពុជាមានសមាជិកសុទ្ធសឹងតែជាពាណិជ្ជករ និងវិនិយោគិនមានសក្តានុពល និងកាន់កាប់អាជីវកម្មលើពហុវិស័យ។ លោកអ្នកឧកញ៉ា មើលឃើញនូវឱកាស និងមានសុទិដ្ឋិនិយមខ្ពស់ដែលធុរជនក៏ដូចជាវិនិយោគិន នៃប្រទេសទាំងពីរអាចចាប់ដៃគូធុរកិច្ច និងកសាងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យអាទិភាពជាច្រើនដែលកំពុងតែមានសក្ដានុពល។
ជាកិច្ចឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ដែលបានទទួលស្វាគមន៍ឯកឧត្ដម និងប្រតិភូប៉ាគីស្ថានយ៉ាងកក់ក្ដៅ។ ឯកឧត្ដមបានបង្ហាញក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានឃើញផ្ទាល់នូវភាពរីកចម្រើន វិបុលភាព និងការអភិវឌ្ឍនៅកម្ពុជា ដែលពិតជាធ្វើឱ្យរូបលោកមានភាពស្ញប់ស្ញែងក្រៃលែង។ ឯកឧត្ដមក៏បានជម្រាបជូនអំពីមូលហេតុចម្បងនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដោយផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរវាងរដ្ឋាភិបាលប៉ាគីស្ថាន និងកម្ពុជា ក្នុងការរៀបចំឱ្យមានយន្តការលើកកម្ពស់សេដ្ឋកិច្ច និងជំរុញការផ្លាស់ប្ដូរសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យធុរជននៃប្រទេសទាំងពីរស្វែងយល់អំពីបរិយាកាសធុរកិច្ច និងវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីចាប់ឱកាសវិនិយោគក្នុងវិស័យអាទិភាពនានាក្នុងប្រទេសទាំងពីរ ខណៈដែលនៅអំឡុងខែកុម្ភៈខាងមុខនេះនឹងមានការរៀបចំពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេសប៉ាគីស្ថានដែលជាឱកាសមួយសម្រាប់វិនិយោគិនកម្ពុជាអាចចូលរួមបំពេញទស្សនកិច្ចដើម្បីស្វែងយល់ព្រមទាំងទទួលបានព័ត៌មានបន្ថែមទៀត។
លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកជាគំនិតឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមឧកញ៉ាកម្ពុជា និងស្ថាប័នតំណាងសហគមន៍ពាណិជ្ជកម្មណាមួយដែលស័ក្ដិសមនៅប៉ាគីស្ថាន ដើម្បីជំរុញទំនាក់ទំនង និងសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រសើរឡើង។
ក្រោយជំនួបសម្ដែងការគួរសមនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្ដូរមតិយោបល់គ្នាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដោយក្នុងនោះសម្រេចបានលទ្ធផល ដូចជា៖ ១)ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងវិស័យឯកជននៃប្រទេសទាំងពីរ, ២)ភាគីទាំងពីរបានព្រមព្រៀងលើការរៀបចំឱ្យមានការចុះអនុស្សរណៈយោគយល់ស្ដីពីការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រសើរឡើង, ៣)ឯកឧត្ដមរដ្ឋមន្ត្រីនឹងពាំនាំផ្សព្វផ្សាយអំពីវិបុលភាព ការអភិវឌ្ឍ បរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចប៉ាគីស្ថាន និងលើកទឹកចិត្តធុរជនប៉ាគីស្ថានសិក្សាស្វែងយល់ និងវិយោគនៅកម្ពុជា, និង ៤)សមាគមឧកញ៉ាកម្ពុជានឹងពិនិត្យលទ្ធភាពលើការរៀបចំប្រតិភូចូលរួមពិព័រណ៍ ក៏ដូចជា បំពេញទស្សនកិច្ចធុរកិច្ច នៅប៉ាគីស្ថាននាពេលខាងមុខ៕