ទីបំផុតពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ បានរកឃើញក្រុមម្ចាស់ជើងឯកហើយ គឺបានទៅលើក្រុមបាល់ទាត់ ខ្មែរ យូណាយធីត (Khmer United FC) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់ ចំការមន ឡាយអិន ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិកពានរង្វាន់បាល់ទាត់ វិមានសំណាង លីគ ឆ្នាំ២០២៤ បានឱ្យដឹងថា ពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព វិមានសំណាង លីគ (Vimean Samnang League) ២០២៤ លើកទី ១១ ដែលបានចាប់ផ្តើមនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានបញ្ចប់វិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ (រយៈពេលជិត ៣ខែ) ដោយមានកីឡាករចូលរួម ៣៧៥នាក់ សរុប ៥៧ប្រកួត។ ជាលទ្ធផលបានរកឃើញក្រុមជ័យលាភីដូចខាងក្រោម៖
១. ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមបាល់ទាត់ ខ្មែរ យូណាយ ធីត
២. ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមបាល់ទាត់ ចំការមន ឡាយអិន
៣. ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមបាល់ទាត់ អាណាចក្របៃតង
៤. ក្រុមគោរពវិន័យបានល្អជាងគេ (Fair Play) បានទៅលើក្រុមបាល់ទាត់ គោពិឃាត់បាក់ខែង
៥. គ្រូបង្វឹកល្អជាងគេ បានទៅលើ លោកគ្រូ ឃួន ឡាបូរ៉ាវី មកពីក្រុមបាល់ទាត់ ខ្មែរ យូណាយ ធីត
៦. កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ បានទៅលើ កីឡាករ ណេង គឹមហុង មកពីក្រុមបាល់ទាត់ ចំការមន ឡាយអិន
៧. អ្នកចាំទីល្អជាងគេ បានទៅលើ កីឡាករ នួន វាសនា មកពីក្រុមបាល់ទាត់ ខ្មែរ យូណាយ ធីត
ពានរង្វាន់បាល់ទាត់ វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ គឺជាពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពធំបំផុត និងមានវ័យចំណាស់បំផុតមួយនៅកម្ពុជា ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយសារក្រុម ដែលចូលរួមប្រកួតសុទ្ធសឹងតែជាក្រុមដែលមានសមត្ថភាព និងមានកីឡាករល្អជាច្រើន ហើយជាពិសេសពានរង្វាន់នេះត្រូវបានរៀបចំឡើងរយៈពេល១១ឆ្នាំ ដែលចាប់តាំងពីឆ្នាំ២០១២មកម្លេះ។
សូមបញ្ជាក់ថា ពានរង្វាន់វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ សម្រាប់ក្រុមជើងឯក ទទួលបានមេដាយមាស៣០ និងទឹកប្រាក់១២លានរៀល, សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់៣០ និងទឹកប្រាក់៨លានរៀល។ រីឯក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ៣០ និងទឹកប្រាក់៤លានរៀល, ក្រុមវិន័យល្អទទួលបានប្រាក់លើកទឹកចិត្ត ៦០ម៉ឺនរៀល, ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល, អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល, អ្នកចាំទីល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល និងគ្រូបង្វឹកល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល៕














