នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ដើម្បីស្វែងយល់ពីឱកាសសម្រាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ វេទិកានេះ ក៏បានផ្តល់ឱកាសសម្រាប់ការបង្កើតបណ្តាញ និងការកសាងទំនាក់ទំនងរវាងអាជីវកម្មនៅហ្វីលីពីន និងកម្ពុជាផងដែរ។

វេទិកាធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័ន ធុរជន និងនិយោគិន មកពីប្រទេសទាំងពីរ។
ជាមួយគ្នានោះ គេក៏ឃើញមានវត្ដមានចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា អនុប្រធាន សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូបផងដែរ។
វេទិកាធុរកិច្ចនេះ បានធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទជាច្រើន រួមមាន៖ ការវិនិយោគនៅកម្ពុជាទិដ្ឋភាពផ្លូវច្បាប់នៃការធ្វើធុរកិច្ចនៅកម្ពុជា កាលានុវត្តភាព ក្នុងវិស័យសំខាន់ៗ ដូចជា ទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម និងតួនាទីរបស់ស្ត្រីក្នុងធុរកិច្ច។
សូមជម្រាបជូនផងដែរថា វេទិកាធុរកិច្ចខាងលើត្រូវបានសហការរៀបចំឡើងដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជា, ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មហ្វីលីពីនប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធសរុបប្រមាណ១៥០រូប៕



