អ្នកឧកញ៉ា សុខ គង់ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាសរុបដល់អ្នកស្លាប់ក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់ចំនួន ១៥លានរៀល និងអ្នករបួសម្នាក់ចំនួន ៤លានរៀល។
ក្រោយហេតុការណ៍ដ៏សោកសៅនៅមុខភូមិគ្រឹះរបស់ខ្លួននេះ អ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។ ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។ ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះដល់មន្ទីរពេទ្យរួចរាល់ហើយ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៣ ខែមករានេះ មានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស។ គិតត្រឹមម៉ោង១២ និង៣០នាទី ចំនួនអ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវខាងលើនេះ បានកើនដល់៤នាក់ និងកំពុងសង្គ្រោះចំនួន ៥នាក់៕