អ្នកឧកញ៉ា វិញ ហ៊ួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លើបញ្ហាកង្វល់មួយចំនួន ក្នុងវិស័យឧស្សាហកម្មផលិតផលថ្នាំជក់នៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក អានូដ ដាក សហប្រធានក្រុមការងារ ឃ ផ្នែកឯកជន, សមាគមឧស្សាហកម្មផលិតផលថ្នាំជក់កម្ពុជា (ATIG), លេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន និង លោកជំទាវ គ្រុយ ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការីជំនាញជាច្រើន ព្រមទាំងមានការចូលរួមពីតំណាងក្រុមការងារវិស័យថ្នាំជក់កម្ពុជា, តំណាងពី អគគ្នាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមាជិកសមាជិក ម្ចាស់រោងចក្រផ្នែកឯកជន ពីសមាគមសរុបចំនួន២៥។
គោលបំណងសិក្ខាសាលានេះ គឺដើម្បីស្វែងយល់អំពីសកម្មភាពនឹងដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាពិសេស ទិសដៅរបស់រាជរដ្ឋាភិបាលលើវិស័យឧស្សាហកម្មផលិតថ្នាំជក់នៅកម្ពុជា និងផ្តល់ធាតុចូល ដល់ក្រុមការងាររៀបចំការប្រមូលពន្ធលើផលិតផលថ្នាំជក់ និងគ្រប់គ្រងពាណិជ្ជកម្មផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីពិនិត្យវិធីសាស្ត្រក្នុងការស្រាវជ្រាវបារីក្លែងក្លាយ និងពិភាក្សាក្តីព្រួយបារម្មរបស់វិស័យចំពោះការដំឡើងពន្ធអាករលើផលិតផលថ្នាំជក់។
សូមជម្រាបថា ដើម្បីពង្រឹងបរិយាកាសការធ្វើអាជីវកម្ម រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការពិសេសបន្ថែម ដើម្បីធ្វើការពិភាក្សារ និងដោះស្រាយបញ្ហាផលិតផលខុសច្បាប់ ដែលមាននៅលើទីផ្សារកម្ពុជា។ ឧស្សាហកម្មថ្នាំជក់ ជឿជាក់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធបាន និងកំពុងចាត់វិធានការជាអាទិភាព ដើម្បីពង្រឹងការអនុវត្តច្បាប់មានជាធរមាន លើផលិតផលថ្នាំជក់ ដែលមិនមានបិទសារព្រមានសុខភាពជាអក្សរខ្មែរ និងរូបភាព ជាជាងការដាក់ចេញនូវបទប្បញ្ញត្តិថ្មី និងពង្រីកសារព្រមានសុខភាព។ យ៉ាងណាមិញ ការពង្រឹងអនុលោមភាពនៃការអនុវត្តតែមបិ៍្រអាករពិសេសលើកញ្ចប់បារី ពិតមានសារៈសំខាន់ក្នុងការធានាការប្រកួតប្រជែងដោយស្មោះត្រង់ ការស្មើភាពនៅក្នុងទីផ្សារកម្ពុជា និងធានាការបង្កើនចំណូលរដ្ឋផងដែរ៕


