ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលរួមខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក-កម្ពុជា លើកទី៧៥

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញចូលរួម​ក្នុងពិធី​ប្រារព្ធខួប​អនុស្សាវរីយ៍នៃទំនាក់ទំនងការទូតគម្រប់៧៥ឆ្នាំ (១៩៥០-២០២៥) ក្រោមអធិបតីភាព លោកឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងលោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅ​សារមន្ទីរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ពិធីប្រារព្ធខួបអនុស្សាវរីយ៍នេះ ក៏មានវត្តមានរដ្ឋមន្ត្រីតាមបណ្តាក្រសួង និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប រួមជាមួយមន្ត្រីកាទូតនានា និងអ្នកមុខអ្នកការជាច្រើនទៀតផងដែរ។

លោកស្រីភារធារីស្តីទី Bridgette L. Walker មានប្រសាសន៍ថា ប្រធានបទសម្រាប់ឆ្នាំទី ៧៥ឆ្នាំរបស់យើងគឺ “យើងជាប្រជាជន” ដែលតំណាងឱ្យការខិតខំប្រឹងប្រែងរួមគ្នារបស់យើងនៃភាពរុងរឿង សន្តិភាព និងវឌ្ឍនភាព​សម្រាប់ប្រជាជនអាមេរិក និងកម្ពុជា ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា “កម្ពុជាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ដ៏ស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិក ដែលបង្កើតឡើងដោយការគោរពគ្នាទៅវិញទៅមក ហើយរីករាយនឹងសន្ទុះ​វិជ្ជមាន​ដែលឃើញនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់ពីទំនាក់​ទំនងពាណិជ្ជកម្ម និងប្រជាជនទៅប្រជាជន, ការបន្តនៃកិច្ចសហប្រតិបត្តិការយោធា និងយោធា។ ទន្ទឹមនឹង​នោះ កម្ពុជាបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមក​របស់ប្រជាជន ហើយក៏មានបំណងចង់ចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកសម្រប​សម្រួលប្រទេស​សម្រាប់អាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ទំនាក់ទំនង ស្វែងយល់ពីវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ​ដែលនឹង​រួមចំណែកដល់ការបន្តវិបុលភាព និងស្ថិរភាពក្នុងតំបន់។

ក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានមានប្រសាសន៍សូមថ្លែងអំណរគុណរដ្ឋាភិបាល​សហរដ្ឋអាម៉េរិក សម្រាប់ការបន្តការគាំទ្រការគាំពារ និងអភិរក្សលើវិស័យវប្បធម៌។ ពិសេសតាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាថវិកាជិត ៦ លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ដែល​រួមមានជំនួយជាថវិកា សម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យ​ពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភណ្ឌវប្បធម៌។

សូមជម្រាបថា សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០ នៅពេលអ្នកការទូតអាមេរិកម្នាក់ឈ្មោះ Donald Heath ​ប្រចាំការនៅទីក្រុង Saigon ដែលស្ថិតក្រោមការគ្រប់គ្រង​របស់បារាំង បានថ្វាយសារតាំងជូនព្រះករុណា ព្រះបាទនរោត្តម សីហនុ។ សម្រាប់ខួបអនុស្សាវរីយ៍នៃទំនាក់​ទំនង​ការទូតសហរដ្ឋអាមេរិក-កម្ពុជា លើកទី៧៥ ឆ្នាំ២០២៥ ជាការប្រារព្ធពិធីអបអរសាទរ​ភាពជាដៃគូដ៏រឹងមាំ​របស់សហរដ្ឋអាមេរិក-កម្ពុជា លើវិស័យជាច្រើន និងបង្ហាញពីទំនាក់ទំនងពិសេសក្នុងការអភិរក្សវប្បធម៌ និង​សិល្បៈ៕