លោកជំទាវអ្នកឧកញ៉ា យី រដ្ឋា និងក្រុមគ្រួសារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានមានសទ្ធាជ្រះថ្លាប្រគេនរថយន្តស៊េរីថ្មីមួយគ្រឿងចំពោះ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ទុកសម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារសាសនា។
នាឱកាសនោះ ព្រះឃោសធម្ម បណ្ឌិត ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ បានជូនពរលោកជំទាវ និងក្រុមគ្រួសារ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រកស៊ីទទួលទានមានបាន និងជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
វត្តស្វាយជ្រំ ជាវត្តមួយមានទីតាំងស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល និងក្រោមការដឹកនាំរបស់ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះរាជាគណ:ថ្នាក់ទោ នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណខេត្តកណ្ដាល ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្ត។
សូមជម្រាបថា លោកជំទាវអ្នកឧកញ៉ា យី រដ្ឋា តែងតែចូលរួមការបរិច្ចាគធនធានផ្ទាល់ខ្លួនជាហូរហែ ជួយដល់ការងារសង្គមទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ តាមរយៈការងារសប្បុរសធម៌ជាច្រើន លោកជំទាវ ត្រូវបាព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជូនជា «អ្នកឧកញ៉ា» កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣៕