ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL, សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារស្តីពីការរៀបចំប្រព័ន្ធវាយតម្លៃអចលនវត្ថុកម្ពុជា ជាមួយនឹងក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។
កិច្ចប្រជុំពិភាក្សាពីប្រព័ន្ធវាយតម្លៃអចលនវត្ថុកម្ពុជានេះ ដឹកនាំដោយលោក គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងរៀបចំដែនដី ព្រមទាំងមានការអញ្ជើញចូលរួមពី លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងថ្នាក់ដឹកនាំសមាគម រួមទាំងមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដីមួយចំនួនទៀត។
លោក គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ បានបង្ហាញពីក្តីរីករាយដែលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចាប់អារម្មណ៍ក្នុងការសហការគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធវាយតម្លៃអចលនវត្ថុតាមអនឡាញនេះ ឱ្យចេញជារូបរាង (Platform) ឡើង ដែលប្រព័ន្ធនេះនឹងមានបង្ហាញនូវទិន្នន័យសំខាន់ៗបឋមមួយចំនួនដូចជា ទិន្នន័យទីតាំងដី តម្លៃដី និងព័ត៌មានម្ចាស់ដី ជាដើម។ លោកបានបន្តថា ប្រព័ន្ធថ្មីនេះត្រូវបានបង្កើតឡើងដើម្បីធានានូវប្រសិទ្ធភាពការងារ និងសេវាសាធារណៈលឿនរហ័ស តម្លាភាព និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា ចេង ខេង និងថ្នាក់ដឹកនាំសមាគម ក៏បានស្នើសុំឱ្យក្រសួងរៀបចំដែនដី ជួយពិចារណាបន្ថែមទៅលើវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធនេះ ព្រោះប្រព័ន្ធនឹងអាចត្រូវបានប្រើប្រាស់ជាច្រើន ពិសេសគឺគ្រប់ភាគីពាក់ព័ន្ធដូចជា ក្រុមហ៊ុនវាយតម្លៃអចលទ្រព្យនានា រួមទាំងវិស័យធនាគារផងដែរ ដែលចាំបាច់ត្រូវតែគិតគូរកុំឱ្យមានផលអវិជ្ជមានទៅលើវិស័យណាមួយ។
គួរបញ្ជាក់ថា ជំនួបពិភាក្សាកម្រិតបច្ចេកទេសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនទ្រព្យកម្ពុជា បានចូលរួមប្រជុំជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតិភាពឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ខណៈដែលជំនួបនោះ ក្រសួងបានសម្រេចផ្តល់ទិន្នន័យជូនទៅសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមួយចំនួន ដើម្បីធ្វើការវាយតម្លៃអចលនទ្រព្យ ឱ្យមានសង្គតភាពនិងជាក់ស្តែង ជាឧត្តមប្រយោជន៍របស់អតិថិជន និងសេដ្ឋកិច្ចកម្ពុជា៕