អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន LipCo Foods ដែលជាក្រុមហ៊ុនកែច្នៃអាហារដ៏លេចធ្លោធំជាងគេមួយមកពីប្រទេសប៉ូឡូញ ដោយមានការចូលរួមពីលោក César Lipka នាយកប្រតិបត្តិក្រុមហ៊ុន ដើម្បីស្វែងរកការពិភាក្សា និងឱកាសសហការបន្ថែមទៀត នៅក្នុងវិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំពិតជាមានសេចក្តីរំភើបក្នុងការធ្វើការជាមួយក្រុមហ៊ុន LipCo Foods ដើម្បីស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍»។
ការចុះអនុស្សរណៈនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សា និងគំនិតផ្ដួចផ្ដើមនៅពេលអនាគត ដែលនឹងរួមចំណែកក្នុងការ អភិវឌ្ឍឧស្សាហកម្ម កែច្នៃអាហារនៅកម្ពុជា ខណៈដែលក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានផលប័ត្រចម្រុះលើផ្នែកដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងច្រើនទៀត។ ការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត ក្រុមហ៊ុមនបានចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធក្នុងពិភពលោក និងក្នុងតំបន់ ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅទូទាំងឧស្សាហកម្ម។
សូមបញ្ជាក់ថា ក្រុមហ៊ុន LipCo Foods គឺជាក្រុមក្រុមហ៊ុនប៉ូឡូញឈានមុខគេ ដែលមានឯកទេសក្នុងការកែច្នៃម្ហូបអាហារ និងបង្កើតឡើងដោយការបង្រួបបង្រួមនៃម៉ាកផ្សេងៗ និងផ្នែកឯកទេសពីក្រោម SuperDrop និង CPF Poland Groups៕