ដំណាំកៅស៊ូជិត ៦ពាន់ហិកតារបស់ក្រុមហ៊ុន ទ្រីភាព អីុមផត អិចផត លោកអ្នកឧកញ៉ា ទ្រី ភាព បានជួយពង្រីកគម្របព្រៃឈើ ដែលបានបាត់បង់លើដីសម្បទានសេដ្ឋកិច្ច ជំនួសដោយព្រៃកៅស៊ូ សំដៅបង្កើតបរិមាណគម្របព្រៃ សម្រាប់ការពារលំនឹងបរិស្ថានធម្មជាតិ។ នេះបើតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី របស់ក្រុមហ៊ុនចម្ការកៅស៊ូរបស់ លោកអ្នកឧកញ៉ា ទ្រី ភាព ស្ថិតនៅក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កាលព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ក្រៅពីការអភិវឌ្ឍដំណាំកៅស៊ូ ក៏បានចូលរួមអភិវឌ្ឍន៍សហគមន៍ការបង្កើតផ្សារ ការសាងសង់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព ដើម្បីលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ច មានគោលដៅពង្រីកគម្របព្រៃឈើ ដែលបានបាត់បង់នៅដីសម្បទាន ជំនួសដោយព្រៃកៅស៊ូ សំដៅបង្កើតបរិមាណគម្របព្រៃ សម្រាប់ការពារលំនឹងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើតផលិតភាពកៅស៊ូ និងជំរុញការកែច្នៃផលិតផលកៅស៊ូ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ជាពិសេសការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅក្បែរដីសម្បទានសេដ្ឋកិច្ច ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា កាលឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់ដីសម្បទានសេដ្ឋកិច្ច ទំហំប្រមាណជិត ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ជូនក្រុមហ៊ុនរបស់ លោកអ្នកឧកញ៉ា ទ្រី ភាព ដើម្បីអភិវឌ្ឍលើការដាំដំណាំកៅស៊ូ។ ក្រៅពីផ្ទៃដីផ្តល់ដោយរាជរដ្ឋាភិបាល ក្រុមហ៊ុនក៏មានផ្ទៃដីជាកម្មសិទ្ធិរបស់ខ្លួនជាង ១ពាន់ហិកតាទៀត សរុបប្រមាណជិត ៦ពាន់ហិកតា ដើម្បីអភិវឌ្ឍដំណាំកៅស៊ូនេះ។ ក្នុងរយៈពេល ១៤ឆ្នាំ ក្រុមហ៊ុនរបស់ លោកអ្នកឧកញ៉ា ទ្រី ភាព បានដាំកៅស៊ូ បានសរុប ៥,៦៨៦ហិកតា ស្មើនឹងប្រមាណ ៩៧.៤ភាគរយ នៃផ្ទៃដីសរុប៕