លោកជំទាវឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានទទួលជួបដោយផ្ទាល់ស្វាគមន៍កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ២រូបគឺ កីឡាករ លឹម ពិសុទ្ធ និងកីឡាករ ជួន ចាន់ចាវ ចូលសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
កីឡាករបាល់ទាត់ លឹម ពិសុទ្ធ ជាខ្សែប្រយុទ្ធក្រុមបាល់ទាត់អាជីពនៅលីគកំពូលកម្ពុជា ភ្នំពេញ ក្រោន និងជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលបានបង្ហាញខ្លួនក្នុងការប្រកួតដ៏សំខាន់ៗដូចជា ការប្រកួតស៊ីហ្គេម ការប្រកួតជម្រុះ World Cup និងការប្រកួតវគ្គជម្រុះពានរង្វាន់អាស៊ី ជាដើម។ រីឯកីឡាករ ជួន ចាន់ចាវ ជាខ្សែការពាររបស់ក្លឹបភ្នំពេញ ក្រោន និងជាខ្សែការពារជម្រើសជាតិកម្ពុជាមួយរូបផងដែរ។ កីឡាករទាំងពីររូបនេះ សុទ្ធសឹងតែជាកីឡាករវ័យក្មេង ដូច្នេះការបន្តសិក្សាបន្ថែម ជារឿងសំខាន់សម្រាប់អនាគត បន្ថែមលើអាជីពបាល់ទាត់។
សូមជម្រាបថា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានកកើតឡើងនៅឆ្នាំ២០០២ ក្រោមការផ្តួចផ្តើមរបស់សាកលវិទ្យាធិការ ឧកញ៉ា ទេព កូលាប ដែលពេលនោះមានឈ្មោះថា “សាកលវិទ្យាល័យអាស៊ាន”។ សាកលវិទ្យាល័យនេះបានប្តូរឈ្មោះមកជា “សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (Phnom Penh International University – PPIU) នៅឆ្នាំ២០០៦ តាមអនុក្រឹត្យលេខ ១១១ អនក្រ. បក ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០៦។
បច្ចុប្បន្ន សាកលវិទ្យាល័យ PPIU មានកម្រិតសិក្សាចាប់ពីវគ្គជំនាញវិជ្ជាជីវៈ បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើជំនាញជាច្រើន ខណៈដែលថ្មីៗនេះសាកលវិទ្យាល័យ ក៏បានសហការគ្នាជាមួយក្រសួងព័ត៌មាន បើកនូវមហាវិទ្យាល័យសារព័ត៌មាន និងសោតទស្សន៍ ដំបូងគេនៅកម្ពុជាបន្ថែមទៀតផងដែរ៕