អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យល់ឃើញថា ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីចិន មិនមែនចេញមកពីទំនៀមទម្លាប់ប្រពៃណីខ្មែរក៏ដោយ ប៉ុន្តែពិធីបុណ្យនេះ ជាពេលវេលាដែលត្រូវលើកតម្កើងប្រវត្តិសាស្ត្រ ការពង្រឹងចំណងទាក់ទង និងការគាំទ្រគ្នាទៅវិញទៅមករវាងវប្បធម៌ខ្មែរ-ចិន។
នៅលើបណ្តាញសង្គមក្នុងថ្ងៃសែនចូលឆ្នាំចិន កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ខណៈពេលដែលយើងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សូមយើងទទួលស្គាល់នូវតម្លៃនៃទំនាក់ទំនងដ៏មានន័យរវាងវប្បធម៌ខ្មែរ-ចិន ដែលបានរីកចម្រើនអស់ជាច្រើនសតវត្សមកហើយ។
អ្នកឧកញ៉ា បានបន្តថា ប្រវត្តិនៃវប្បធម៌នេះបានចាប់ផ្តើមតាំងពីយូរយារណាស់មកហើយ នៅពេលដែលពាណិជ្ជករជនជាតិចិនចូលមកប្រទេសកម្ពុជា ដោយនាំយកមិនត្រឹមតែទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយកមកជាមួយនូវទំនៀមទម្លាប់ ម្ហូបអាហារ និងទំនាក់ទំនងដ៏ស៊ីជម្រៅនៅក្នុងសហគមន៍។ យូរៗទៅ ឥទ្ធិពលទាំងនេះបានជ្រាបចូលទៅក្នុងទំនៀមទម្លាប់ខ្មែរ ដោយធ្វើឱ្យយើងកសាងទំនាក់ទំនងជាមួយគ្នា ធ្វើពាណិជ្ជកម្មជាមួយគ្នា និងប្រារព្ធពិធីបុណ្យប្រពៃណីជាមួយគ្នាមកដល់សព្វថ្ងៃនេះ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់បន្ថែមថា ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីចិនមិនមែនចេញមកពីទំនៀមទម្លាប់ប្រពៃណីខ្មែរក៏ដោយ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ប្រជាជនខ្មែរជាប់សែស្រទ្បាយចិន ពិធីបុណ្យនេះមានអត្ថន័យលើសពីប្រពៃណីទៅទៀត។ បុណ្យចូលឆ្នាំចិនត្រូវបានបញ្ចូលទៅដោយទំនៀមទម្លាប់ជាច្រើនរបស់ជនជាតិចិន ជាការបង្រួបបម្រួបនៃវប្បធម៌ខ្មែរ ជាពេលវេលាដែលត្រូវលើកតម្កើងប្រវត្តិសាស្ត្រ និងពង្រឹងចំណងទាក់ទង និងការគាំទ្រគ្នាទៅវិញទៅមក។ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន សហគមន៍ខ្មែរ-ចិនបន្តច្របាច់បញ្ចូលគ្នានូវវប្បធម៌ទាំងពីរ ដោយបង្ហាញ ឱ្យឃើញនូវប្រវត្តិសាស្ត្រដ៏ផូរផង់ និងបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរួមគ្នារបស់យើង៕