ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ដល់សប្បុរសជន ៥រូប ក្នុងនោះរួមមាន អ្នកឧកញ៉ា និងឧកញ៉ា ចំនួន ៤រូប រួមទាំង អ្នកឧកញ៉ា ឃុន សៀ នាយកក្រុមហ៊ុន TP Moral Group។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រលេខ នស/រកត/០៧២៤/៩០១ ត្រូវបានធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងតាមសំណើរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។
តាមរយៈព្រះរាជក្រឹត្យខាងលើ គោរមវន្តឧកញ៉ា ចំនួន ៤រូប ដែលទទួលបានគ្រឿងឥស្សរិយយស «ជាតូបការ» រួមមាន៖ អ្នកឧកញ៉ា ស៊ី ម៉េងម៉េង, អ្នកឧកញ៉ា លីម មុយស៊ឺ, អ្នកឧកញ៉ា ឃុន សៀ និង ឧកញ៉ា សុខ បញ្ញារិទ្ធ។ ក្រៅពីអ្នកឧកញ៉ា និងឧកញ៉ា ក៏មានលោកស្រីបណ្ឌិត លីម លីណា។
សូមជម្រាបថា មេដាយជាតូបការ ជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រ៕