អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយកហាងលក់រថយន្តប្រណីត Hawon Auto Car និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
តាមរយៈព្រះរាជក្រឹត្យលេខ/នស/រកត/០៧២៤/៨៩៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ប្រគេនព្រះសង្ឃ និងជូនមន្ត្រីរាជការ និងសប្បុរសជន ១៩៥ អង្គ/រូប តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ក្នុងនោះ មន្ត្រីរាជការ និងសប្បុរសជន ដែលទទួលបានមេដាយ ជាតូបការ មានចំនួន ៣រូប និងមេដាយ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន ៩៧ រូប រួមទាំង អ្នកឧកញ៉ា ឈួន ហាវ៉ុន ផងដែរ។
អ្នកឧកញ៉ា ឈួន ហាវ៉ុន តែងតែចូលរួមជួយការងារសង្គម ដូចជាការបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយអភិវឌ្ឍមូលដ្ឋាន ជួយជនក្រីក្រ ជួយឧបត្ថម្ភតាមរយៈការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការផ្សេងៗ ជាពិសេសអ្នកឧកញ៉ា តែងតែចូលរួមជាមួយសកម្មភាពកាកបាទក្រហមកម្ពុជាផងដែរ។ តាមរយៈការជួយសង្គមជាច្រើន លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបថា មេដាយ ព្រះរាជាណាចក្រកម្ពុជា គឺជាគ្រឿងឥស្សរិយយសប្រភេទមាតុប្រទេស ដែលសម្រាប់បំពាក់ជូនចំពោះវរជនមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ក្រោយពីការសម្រេចរបស់ គណៈរដ្ឋមន្ត្រី ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រ ឬដោយព្រះរាជតំណាង។ មេដាយ ព្រះរាជាណាចក្រកម្ពុជា មាន ៥ថ្នាក់គឺ ថ្នាក់អស្សឫទ្ធិ សេនា ធិបឌិន្ទ មហាសេនា និងថ្នាក់មហាសេរីវឌ្ឍន៍ ដែលជាថ្នាក់ខ្ពស់ជាងគេបំផុត៕