ឆាប់ៗខាងមុខនេះ Album ចម្រៀងរបស់ សុវត្ថិ មុនីនាគ កូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិនឹងបញ្ចេញជាផ្លូវការតាមការគ្រោងទុក នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយនឹងការផលិតកម្រិតស្តង់ដាអន្តរជាតិ ផ្សំនឹងសំនៀងជាភាសាបរទេសយ៉ាងស្ទាត់ជំនាញ និងពិរោះរណ្តំ។
ការវិលត្រលប់មកកាន់ពិភពចម្រៀងនិងតន្ត្រីជាថ្មី ឈាមជ័រអ្នកចម្រៀងរូបនេះ បាននាំយកខ្លួនឯងក្នុងការផ្លាស់ប្តូរថ្មី ទាំងការរាំនិងច្រៀង ធ្វើឱ្យអ្នកសិល្បៈនិងអ្នកនិយមតាមដានវិស័យចម្រៀង មានការចាប់អារម្មណ៍ខ្លាំង។
ក្នុងនោះ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានបង្ហាញការគាំទ្រដល់កូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ រូបនេះផងដែរ តាមរយៈការសរសេរឈ្មោះ N.John រួមនឹងថ្ងៃខែនៃការប្រកាសចេញ Ablum ចម្រៀងផ្លូវការភ្ជាប់នឹងពាក្យកាត់ DND ដោយជូនពរឱ្យការផ្តើមជំហានថ្មីលើវិថីសិល្បៈរបស់ សុវត្ថិ មុនីនាគ បានជោគជ័យឈានឆ្ពោះដល់ឆាកអន្តរជាតិ។
ទន្ទឹមនឹងពាក្យពេចន៍ជូនពរនេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏បានសម្តែងការអរគុណដល់តារាចម្រៀងរួមទ្រនំរូបនេះ ដែលស្រលាញ់គាំទ្រកូនប្រុសលោក ពិសេសក្រោយពេលដែល មុនីនាគ វិលវិញជាមួយនឹងការផ្លាស់ប្តូរថ្មីនេះ។
បច្ចុប្បន្ន សុវត្ថិ មុនីនាគ កំពុងឆក់យកបេះដូងអ្នកគាំទ្រ ពិសេសយុវវ័យ បន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះ បង្ហើបសកម្មភាពច្រៀងប៉ុន្មានបទ ដែលជាការផលិតកម្រិតស្តង់ដាអន្តរជាតិ ជាមួយស្ទីលរាំឡូយប្លែក រហូតត្រូវបានគេយកទៅ Reaction ពេញ TikTok ។
មិនតែប៉ុណ្ណោះ មហាជនដែលជាអ្នកគាំទ្រ យល់ថា សុវត្ថិ មុនីនាគ នឹងក្លាយជាតារាចម្រៀងខ្មែរដ៏លេចធ្លោមួយរូបទៀត លើឆាកអន្តរជាតិ ក្នុងពេលអនាគត ខណៈគ្រប់គ្នាក៏កំពុងទទឹងរង់ចាំថ្ងៃបើកបង្ហាញ Album ចម្រៀងថ្មី ដែលជាការផលិតកម្រិតស្តង់ដាអន្តរជាតិ របស់តារាចម្រៀងជំនាន់ថ្មីរូបនេះ នៅថ្ងៃទី ២៨កុម្ភៈ ខាងមុខនេះផងដែរ៕