ក្រុមហ៊ុន អ្នកឧកញ៉ា ហ៊ុន ឡាក់ ចុះកិច្ចសន្យាជាផ្លូវការជាមួយ​សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ជួយគាំពារហានិភ័យទីផ្សារ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd ដែលមាន អ្នកឧកញ៉ា ហ៊ុន ឡាក់ ជាប្រធានក្រុមហ៊ុន បានកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះកិច្ចសន្យាផលិតកម្មបន្លែជាផ្លូវការជាមួយ សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ដែលមានមូលដ្ឋាននៅឃុំត្រពាំងចក​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ ដើម្បីធានាទិញបន្លែចម្រុះពីសហគមន៍ក្នុងតម្លៃថេរ និងជួយគាំពារពីហានិភ័យទីផ្សារដល់កសិករក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះកិច្ចសន្យានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងតំណាងសហគមន៍។ លោក ឃឹម ហ្វីណង់ បានលើកឡើង កាលពីថ្ងៃទី៥ ខែកុម្ភៈ ម្សិលមិញថា ទីបំផុត សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ចុះកិច្ចសន្យាផលិតកម្មបន្លែជាផ្លូវការជាមួយក្រុមហ៊ុន Tropicam Fruit and Vegetables បន្ទាប់ពីបានសហការគ្នាអស់មួយរយៈកាលរួចមក។

លោកអនុរដ្ឋលេខាធិការវ័យក្មេងរូបនេះ បានគូសបញ្ជាក់ទៀតថា ជាមួយនឹងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា សហគមន៍នឹងលក់បន្លែចម្រុះជូនក្រុមហ៊ុនក្នុងតម្លៃថេរ ២០០០៛/គីឡូ ទោះបីជាថ្លៃស្ពៃនៅក្រៅសហគមន៍ក្នុងពេលបច្ចុប្បន្នត្រឹមតែ ៥០០៛/គីឡូ ក៏ដោយ។ ការគាំពារពីហានិភ័យទីផ្សារ គឺអត្ថប្រយោជន៍ដ៏សំខាន់មួយទៀតនៃសហគមន៍កសិកម្មទំនើប ដែលកសិករសមាជិកទទួលបាន ក្រៅពីការគាំទ្រខាងផ្នែកដើមទុន និងបច្ចេកទេស។

ក្រុមហ៊ុន Tropicam Fruit and Vegetables ក៏បានបញ្ជាក់ថា កិច្ចសន្យាកសិកម្ម ឆ្នាំ២០២៥ ជាមួយសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» គឺជាជំហ៊ាននៃការចាប់ផ្តើមអនុវត្តបែបថ្មី ជំរុញលើអនុវិស័យសាវប្បកម្មរវាងអ្នកផលិត និងអ្នកផ្គត់ផ្គង់​ចែកចាយលើទីផ្សារអោយមាននិរន្តរភាព។ ខ្លឹមសារសំខាន់ផ្តោតលើការដាំដុះ និង ការធានាប្រមូលទិញទៅតាមបរិមាណដែលបានចុះកិច្ចសន្យា។ ក្រុមហ៊ុនសង្ឃឹមថាប្រជាជននឹងគាំទ្របន្លែក្នុងស្រុកកាន់តែច្រើនឡើងៗ និងផ្តល់ទំនុកចិត្តលើផលិតផលក្នុងស្រុករបស់ប្រទេសយើង។

សូមជម្រាបថា បើតាមការឱ្យដឹងពី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ពាក្យថា «ទំនើប» នៃសហគមន៍កសិកម្មទំនើប មិនសំដៅតែនៅលើទំនើបកម្មនៃការធ្វើកសិកម្មឡើយ បើទោះជាសហគមន៍ប្រភេទនេះ មានប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍សម្ភារៈទំនើបក៏ដោយ។ ភាពទំនើបនៃសហគមន៍នៅទីនេះ គឺពាក់ព័ន្ធនឹងការគ្រប់គ្រងទំនើបតាមបែបសហគ្រាសខ្នាតធំ មានផែនការច្បាស់លាស់ «លក់មុនដាំ» ដឹងថាទីផ្សារនៅឯណាមុននឹងចាប់ផ្តើមផលិតកម្ម៕