ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ ចូលជួបសម្តែងការគួរសម អភិបាលខេត្តកំពត ពិភាក្សាការងារពាក់ព័ន្ធសេវាដឹកភ្ញៀវទេសចរណ៍តាមផ្លូវទឹក

ជុំវិញ​ឧកញ៉ា

ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ដើម្បីពិភាក្សាការងារពាក់ព័ន្ធសេវាដឹកអ្នកដំណើរ និងភ្ញៀវទេសចរណ៍ចេញចូលតាមផ្លូវទឹកមកកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត ក្នុងជំនួបពិភាក្សាការងារនេះ មានការចូលរួមពី ថ្នាក់ដឹកនាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត ដើម្បីពិភាក្សាការងារពាក់ព័ន្ធសេវាដឹកអ្នកដំណើរ, ភ្ញៀវទេសចរណ៍ចេញចូលតាមផ្លូវទឹក មកកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងកិច្ចការងារស្តារឃ្លងឱ្យបានជ្រៅ ដើម្បីមានលទ្ធភាពអាចឱ្យនាវាទេសចរណ៍ធំៗ អាចធ្វើដំណើរបាន។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ជិត ១០លានដុល្លារ។ កំពង់ផែទេសចរណ៍នេះ បានធ្វើពិធីផ្ដើមបើកដំណើរការបណ្ដោះអាសន្នរយៈពេល ៣ខែ ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោកជំទាវ Ms. Jyotsana Varma នាយិកាធនាគារ ADB កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

គួររំឭកថា ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ បានអញ្ជើញក្នុងចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមអ្នកឧកញ៉ា ជឿថាកិច្ចសហការនេះ នឹងក្លាយជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ ដែលរំពឹងទទួលអ្នកដំណើរភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២៦៕