អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្មី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ វេទិកានេះត្រូវបានសហការ រៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន និងសភាពាណិជ្ជកម្មហ្វីលីពីននៅកម្ពុជា។

គោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមទាំងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប្រធានបទសំខាន់ៗ ដែលនឹងត្រូវលើកយកមកជជែកពិភាក្សាក្នុងវេទិកានេះ រួមមាន កាលានុវត្ត ភាពធុរកិច្ច វិស័យសក្តានុពល និងគោលនយោបាយលើកទឹកចិត្តវិនិយោគ ដោយមានការចូលរួមពីវាគ្មិនជាតំណាង ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្រៅពីការពិភាក្សា វេទិកានេះក៏នឹងរៀបចំជំនួបពាណិជ្ជកម្មរវាង ធុរជននៃប្រទេសទាំងពីរផងដែរ។ លើសពីនេះ សភាពាណិជ្ជកម្មកម្ពុជានឹងចុះអនុស្សរណៈជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងហ្វីលីពីន។ ជាផ្នែកមួយនៃកម្មវិធី គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងមានជំនួបធុរកិច្ចជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបង្កើតទំនាក់ទំនង និងជំរុញសកម្មភាពធុរកិច្ចរវាងប្រទេសទាំងពីរ៕