អ្នកឧកញ៉ា គឹម សុខអេង អ្នកអភិវឌ្ឍន៍លំនៅឋានបែបបុរី និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា យល់ឃើញថា ឆ្នាំ២០២៥នេះ ជាឆ្នាំល្អនិងជាឱកាសល្អសម្រាប់អ្នកមានបំណងចង់ទិញលំនៅឋាន ដោយសារតម្លៃកាន់តែសមរម្យ និងមានការសម្រួលនូវនីតិវិធីមួយចំនួនពីរាជរដ្ឋាភិបាល។
![](https://www.oknha.news/wp-content/uploads/2025/02/fn-2025-02-09-12-22-33-0-1024x574.jpg)
អ្នកឧកញ៉ា គឹម សុខអេង បានលើកឡើងថា អ្នកដែលសល់លុយច្រើន គួរតែទិញអចលនទ្រព្យ ព្រោះថាចាប់តាំងពីកើតមានវិបត្តិកូវីដ១៩មក តម្លៃអចលនទ្រព្យបានធ្លាក់ចុះជាបន្តបន្ទាប់។ យ៉ាងណាមិញក្នុងពេលដែលសេដ្ឋកិច្ចងើបឡើងវិញ តម្លៃអនចលនទ្រព្យនឹងមិនបន្តចុះទៀតនោះ ហើយអាចនឹងមាននិន្នាការឡើងថ្លៃនៅឆ្នាំក្រោយ បន្ទាប់ពីសេដ្ឋកិច្ចរីកចម្រើន។ ដូច្នេះហើយ នៅឆ្នាំ២០២៥នេះ គឺជាឱកាសល្អ សម្រាប់អ្នកមានបំណងចង់ទិញលំនៅឋាន។
ជាមួយគ្នានេះ អ្នកឧកញ៉ាកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីជួយសម្រួលដល់វិស័យអចលនទ្រព្យ ដូចជា ការជួយសម្រួលអត្រាការប្រាក់ក្នុងការបង់រំលស់រយៈពេលវែង និងការលើកលែងពន្ធប្រថាប់ត្រាការទិញអចលនទ្រព្យលើកដំបូង លក្ខណៈជាបុរី ឬខុនដូ ក្នុងតម្លៃ២១ម៉ឺនដុល្លារអាមេរិកចុះក្រោមជាដើម។
![](https://www.oknha.news/wp-content/uploads/2025/02/02-1692x2048-1-846x1024.jpg)
គួររំឭកថា រដ្ឋាភិបាលសម្រេចលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ និងផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដែលមានតម្លៃក្រោម ឬមានតម្លៃស្មើនឹង ២១ម៉ឺនដុល្លារអាម៉េរិក។ ការលើកលែងពន្ធនេះ ត្រូវអនុវត្តចាប់ថ្ងៃទី១ ខែមករា រហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើនេះ គឺធ្វើឡើងស្របតាមការសម្រេចរបស់ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងការជួយដល់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យផងដែរ៕