ឧកញ៉ាញូស៍ Oknha news សូមណែនាំលោកអ្នកអានមកស្គាល់ពីជនបរទេស ៤រូបល្បីៗ ដែលអាចចាត់ថាល្បីលំដាប់អន្តរជាតិ និងដែលមានភាពលេចធ្លោជាងគេ ក្នុងការជួយដល់ប្រជាជនខ្មែរ និងសង្គមខ្មែរ។
១.អ្នកស្រី អ៊ែនជែលីណា ចូលី តារាភាពយន្តហូលីវូដដ៍ល្បី
នៅឆ្នាំ២០០០ តារាសម្តែង អ៊ែនជែលីណា ចូលី ធ្លាប់បានមកសម្តែងភាពយន្តមួយនៅក្នុងរឿងកុនហូលីវូដ គឺរឿង Tomb Raider ដែលមានឈុតខ្លះនៅប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា។ ក្រោយសម្តែងភាពយន្តចប់ អ្នកស្រីបានដក់អារម្មណ៍ទាក់ចិត្តលើប្រជាជនកម្ពុជា អ្នកស្រីឧស្សាហ៍អញ្ជើញមកប្រទេសកម្ពុជា ដោយបានទិញដីសម្រាប់អភិរក្សព្រៃឈើនៅស្រុកសំឡូត ខេត្តបាត់ដំបង។
អ្នកស្រី អ៊ែនជែលីណា ចូលី ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្ដល់សញ្ជាតិកម្ពុជាឲ្យ ជាកិច្ចតបស្នងចំពោះគុណបំណាច់របស់អ្នកស្រី។
នៅឆ្នាំ២០១៦ អ្នកស្រី អ៊ែនជែលីណា បានដឹកនាំថតខ្សែភាពយន្តរឿងរ៉ាវសម័យខ្មែរក្រហម មានចំណងជើងថា «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ឬ “First, They Killed My Father” នៅខេត្តបាត់ដំបង។
២.លោក ស្កុត នីសុន ប្រធានផ្នែកទីផ្សារនៅហូលីវូដដ៍ល្បី
មានអាជីពការងារក្នុងវិស័យផលិតកុនដ៍ល្បីល្បាញនៅហូលីវូដរបស់ពិភពលោក រយៈពេល ២៦ឆ្នាំ លោក ស្កុត នីសុន មានប្រាក់បៀវត្សច្រើនចាយមិនអស់ មានផ្ទះវិឡាធំដ៍ស្កឹមស្កៃ រថយន្យទំនើបៗ និងមានទូកកម្សាន្តផ្ទាល់ខ្លួនទៀតផង។
នៅឆ្នាំ២០០០ លោក ស្កុត បានមកទស្សនកិច្ចកម្ពុជា នៅគ្រានោះហើយដែលោកបានជួបកុមារដើររើសសំរាមនៅតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ជាហេតុធ្វើឲ្យជីវិតគាត់ប្រែប្រួលដក់អារម្មណ៍។
លោក ស្កុត នីសុន បានបើកមូលនិធិ និងអង្គការ ជួយកុមាររើសសំរាមនៅស្ទឹងមានជ័យ ឲ្យមានការសិក្សាអប់រំ និងជួយគ្រួសារពួកគេឲ្យមានជីវភាពសមរម្យ។ ក្រោយមក លោកបានកសាងសង់សាលារៀនដ៍ធំមួយ នៅសហគមន៍ស្ទឹងមានជ័យ ដែលផ្ដល់ការអប់រំដល់កុមារកាន់តែច្រើនថែមទៀត។
៣.វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា
លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ នៅប្រទេសស្វ៊ីស។ លោកទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតនៅឆ្នាំ១៩៧៣ ជាមួយនឹងឯកទេសព្យាបាលកុមារ នៅមន្ទីរពេទ្យកុមារ នៅទីក្រុងហ្ស៊ុយរិច ប្រទេសស្វ៊ីស។
នៅឆ្នាំ១៩៧៤ កាកបាទក្រហមស្វ៊ីស បានបញ្ជូនលោកមកធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។ ក្រោយមកដោយស្ថានភាពនៃរបបខ្មែរក្រហម លោក រីច្ឆន័រ ក៍បង្ខំចិត្តត្រឡប់ទៅប្រទេសស្វ៊ីសវិញ នៅឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៩២ វេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បានសម្រេចវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានកសាងឡើងវិញ និងពង្រីកមន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្ន។
ចាប់ពីឆ្នាំ១៩៩២មក វេជ្ជបណ្ឌិត រីច្ឆន័រ បានបង្កើតនិងដំណើរការមន្ទីរពេទ្យចំនួន៥ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ ដោយក្នុងនោះ រាជធានីភ្នំពេញ មានមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៤ គឺគន្ធបុប្ផា ១ កសាងនៅឆ្នាំ១៩៩២ គន្ធបុប្ផា ២ កសាងនៅឆ្នាំ១៩៩៦ គន្ធបុប្ផា ៣ កសាងនៅឆ្នាំ២០០៥ និង គន្ធបុប្ផា ៤ កសាងនៅឆ្នាំ២០០៧។ នឹងនៅខេត្តសៀមរាប លោកវេជ្ជបណ្ឌិត បានកសាងនិងដំណើរការមន្ទីរពេទ្យជយវរ្ម័ន ទី៧ ដែលមន្ទីរពេទ្យមួយនេះកសាងនៅឆ្នាំ១៩៩៩មកម្លេះ។
តាមរបាយការណ៍ពីទំព័រហ្វេសបុក Dr. Beat Richner បានឲ្យដឹងថា ព័ត៌មានពិតនៃតួលេខអ្នកជំងឺ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំ មានដូចខាងក្រោម៖
១.កុមារមានជំងឺ ចំនួន ៥៣ ៥២៩នាក់បានទទួលការពិនិត្យពិគ្រោះព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (53,529 outpatients)
២.កុមារមានជំងឺធ្ងន់ធ្ងរ ចំនួន ១០ ៨៩០ នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (10,890 admissions)
៣.កុមារមានជំងឺគ្រិនឈាមធ្ងន់ចំនួន ៣១២នាក់ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កុមារចំនួន ៨៦ នាក់ មានជំងឺគ្រុនឈីក
៤.កុមារចំនួន ២ ៤៣៦នាក់បានទទួលការវះកាត់ព្យាបាល
៥.កុមារមានជំងឺបេះដូងពីកំណើត ចំនួន ៩០នាក់បានទទួលការវះកាត់បេះដូង នៅមន្ទីរសម្ភពនៃមន្ទីរពេទ្យជ័យវរ័្មនទី៧(គន្ធបុប្ផាទី៣)
៦.ស្ត្រីមានផ្ទៃពោះចំនួន ១២ ១២៣ នាក់បានពិនិត្យតាមដានផ្ទៃពោះ
៧.ស្ត្រីសម្រាលកូនមានចំនួន២ ១៩៨នាក់
សូមបញ្ជាក់ផងថា រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។
៤.លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ
លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ គឺជាជនជាតិបារាំង ដែលបានបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ PSE ជាមួយភរិយា លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ តាំងពីឆ្នាំ១៩៩៥។
តាមរយៈបេសកម្មនិងកម្មវិធីមនុស្សធម៌របស់អង្គការ PSE លោក គ្រីស្យង់ ហ្គោកឺឡាំង បានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងជួយកុមារទាំងនោះឲ្យទទួលបានការសិក្សា ការផ្តល់អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ត្រូវបានព្រះមហាក្សត្រព្រះរាជទានសញ្ជាតិខ្មែរដល់លោក និងភរិយានៅឆ្នាំ២០០២ និងគ្រឿងឥស្សរិយយស និងព្រះរាជអំណោយជាវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតពីព្រះមហាក្សត្រ ទាំងពីព្រះបាទនរោត្តម សីហនុ និងព្រះបាទ បរមនាថ នរោត្តម សីហមុនី។
លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ និងភរិយា ក៏ធ្លាប់ទទួលជ័យលាភីពានរង្វាន់វីរបុរសមនុស្សធម៌លំដាប់សហភាពអឺរ៉ុប នៅឆ្នាំ២០១៤ និងមេដាយសិទ្ធិមនុស្សពីប្រទេសបារាំងផងដែរ។
មានយុវជនដែលជាអតីតកុមារ ប៉េ.អេស.អឺ ជាង ៤ពាន់នាក់បានបញ្ចប់ការសិក្សា ហើយទទួលបានការងារនៅតាមក្រុមហ៊ុន និងស្ថាប័នផ្សេងៗ។ ចំណែកឯកុមារ និងយុវជនជិត ៧ពាន់នាក់ទៀត ពួកគេកំពុងតែទទួលការថែទាំ និងទទួលការសិក្សាពីអង្គការ ប៉េ.អេស.អឺ៕