អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ា រួមជាមួយអ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិកប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួម វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
![](https://www.oknha.news/wp-content/uploads/2025/02/476558652_600583056198983_2173196212982413077_n-784x1024.jpg)
វេទិកាដ៏មានសារៈសំខាន់នេះ មានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន។ ការរៀបចំវេទិកាធុរកិច្ច មានគោលដៅផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សាឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងបន្តទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និងវិនិយោគិនហ្វីលីពីន និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា។ កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ។ លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ៕
![](https://www.oknha.news/wp-content/uploads/2025/02/476832061_600583279532294_7238599045827824716_n-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/476836078_600583292865626_2603620280526989493_n-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/476568614_600583079532314_7923970974875661860_n-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2025/02/476978515_600580382865917_474239591795975651_n.jpg)