អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ទទួលការបំពាក់គ្រឿងឥស្សរិយយស ពីសម្តេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី សហគ្រិនវ័យក្មេងដ៏មានសក្តានុពល និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា និងភរិយា អ្នកឧកញ៉ា ទៀង ផល្លា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បំពាក់គ្រឿងឥស្សរិយយសជូនដោយផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រឿងឥស្សរិយយសរបស់អ្នកឧកញ៉ាទាំងពីរ គឺទទួលបានតាមរយៈការចូលរួមកសាងសមិទ្ធផលសំខាន់ៗនៅក្នុងទីអារាមនៃវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌នេះ កាលពីម្សិលមិញ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា រាល់ថវិកាសម្រាប់ចំណាយលើការសាងសង់សំណង់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ មិនបានប្រើថវិកាជាតិនោះទេ ពោលគឺប្រើប្រាស់ថវិកាឧបត្ថម្ភពី សម្តេចផ្ទាល់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថវិកាជួយឧបត្ថម្ភពីសប្បុរសជននានាផងដែរ។

កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ម៉ម វណ្ណឌី និង អ្នកឧកញ៉ា ទៀង ផល្លា ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ និងត្រូវបានបំពាក់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។

សូមជម្រាបថា អតីតអ្នកបួស ម៉ម វណ្ណឌី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ និងគោរមងារជា «អ្នកឧកញ៉ា» នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ រីឯឧត្តមភរិយារបស់លោក គឺឧកញ៉ា ទៀង ផល្លា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣៕