នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជា រាប់បាត្រនិងប្រគេនទេយ្យទានដល់ព្រះសង្ឃ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញឮ ខេត្តកណ្ដាល។

ពិធីបុណ្យមាឃបូជានៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នជាតិនានា តំណាងអង្គទូត សិស្ស និស្សិត ព្រមទាំងប្រជាជនកម្ពុជាដ៏ច្រើនកុះករ ដែលជាពុទ្ធសាសនិក។ ពិធីបុណ្យមាឃបូជាតែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ តាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅតាមទីវត្តអារាមទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយពុទ្ធសាសនិកកម្ពុជាផងដែរ។
មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធធ្វើនៅក្នុងខែមាឃ (ជាខែទីបីរបស់ខ្មែរ)។ បុណ្យមាឃបូជាត្រូវបានប្រារព្ធធ្វើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលព្រះអង្គដួង (ក្រុងឧត្ដុង្គ ព.ស២៣៩៧ គ.ស១៨៥៤) ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃពេញបូណ៌មី ខែមាឃ ជាថ្ងៃបុណ្យសម្រាប់ជាតិ ហៅថា (មាឃបូជា) តាំងពីរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្សមក។
កម្មវិធីបុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំឭកដល់ព្រឹត្តិការណ៍ធំៗបី៖ ១.ដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត ២.ដើម្បីរំឭកដល់ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ និង ៣.ដើម្បីរំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដែលទ្រង់នឹងចូលបរិនិព្វាន ៣ខែបន្ទាប់។ នេះជាពេលវេលាសម្រាប់ការឆ្លុះបញ្ចាំង សង្រួមចិត្ត និងផ្សារភ្ជាប់ឡើងវិញរវាងជំនឿ និងគុណតម្លៃរបស់ពុទ្ធសាសនិកគ្រប់រូប៕







