សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ ចំពោះសមានចិត្តដ៏សប្បុរសជ្រះថ្លា ដែលបានចូលវិភាគទានជាថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះសប្បុរសជននានា សូមចូលរួមសាងសង់អគារសិក្សា នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស និងមូលធន មនុស្សសម្រាប់សម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។
តបតាមការអំពាវនាវនេះហើយ ទើបអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា បានចូលរួមបរិច្ចាគថវិកាក្នុងការជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល ចំនួន ៥០ម៉ឺនដុល្លារអាមេរិក។
តាមរយៈលិខិតថ្លែងអំណរគុណនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏សូមកោតសរសើរដ៏ស្មោះចំពោះទឹកចិត្តសប្បុរស និងស្នេហាជាតិរបស់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាល តែងតែចូលរួមជួយសម្រាលបន្ទុករបស់រដ្ឋ និងប្រជាជនកម្ពុជាជារៀងរហូត៕

