ពន្ធនាគារខេត្តសៀមរាប ចេញលិខិតបំភ្លឺជុំវិញករណីចោតថា អតីតឧកញ៉ា ឡេង ចាន់ណា អាចលេងទូរស័ព្ទបាននៅក្នុងគុក

ជុំវិញ​ឧកញ៉ា

ពន្ធនាគារខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញលិខិតបំភ្លឺចំពោះករណីមាន Account Facebook មួយចំនួន បានចុះផ្សាយថា អតីតឧកញ៉ា ឡេង ចាន់ណា នៅក្នុងគុកទេ តែអាចលេងទូរស័ព្ទបាន។ ចំពោះការផ្សព្វផ្សាយទាំងនេះ គឺជារឿងមិនពិតនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមលិខិតបំភ្លឺនេះ បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា អាយុ៣៦ឆ្នាំ បានចូលពន្ធនាគារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនលេខ ២៣២ ឃខ “ដ” របស់ចៅក្រមសាលាដំបូងខេត្តសៀមរាប ទាក់ទងនឹងបទល្មើសឆបោកដោយចេតនាមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទ សម្អាតប្រាក់។

ចំពោះករណីចុះផ្សាយរបស់ Account Facebook ខាងលើ ខ្លឹមសារនៃសារឆ្លើយឆ្លងមិនបានបញ្ជាក់ឆ្នាំណានោះទេ។ ចំណុចនេះបង្ហាញច្បាស់ថា សារទំនាក់ទំនងនេះ គឺកើតឡើងមុនជនជាប់ឃុំរូបនេះចូលពន្ធនាគារមកម្លេះ។

ពន្ធនាគារខេត្តសៀមរាប ក៏សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីពន្ធនាគារ ជនជាប់ឃុំមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទចល័តលក្ខណៈឯកជនបានឡើយ ហើយជាលទ្ធផលក្រោយការឆែកឆេរបន្ទប់ឃុំខ្លួន ពន្ធនាគារខេត្តសៀមរាប ពុំបានរកឃើញទូរស័ព្ទដែលជននេះលួចលាក់ក្នុងការប្រើប្រាស់នោះទេ ជនត្រូវចោទរូបនេះ ក៏បានបញ្ជាក់ថា Telegram ដែលខ្លួនប្រើប្រាស់មុនចូលពន្ធនាគារ កន្លងមកក៏មានក្រុមការងាររបស់ខ្លួនជាអ្នកគ្រប់គ្រងប្រើប្រាស់ផងដែរ៕