អ្នកឧកញ៉ា គិត ម៉េង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក រវាងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ និងក្រសួងសាធារណការ និងដឹកជញ្ជូន

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) តំណាងដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក (Framework Agreement-FA) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ឧកញ៉ា គណៈកម្មការអន្តរក្រសួងចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែក ប្រតិភូ RRPLC និងមន្រ្តីជំនាញពាក់ព័ន្ធ។

តាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺជំហ៊ានដំបូង ដើម្បីជាមូលដ្ឋានឈានដល់ការចរចារ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងស្វែងរកដៃគូរយុទ្ធសាស្រ្តដែលមានចំណេះជំនាញ និងបទពិសោធន៍លើវិស័យផ្លូវដែក ដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួររំឭកថា ក្នុងព្រឹត្តិការណ៍អបអរសាទរខួប២០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រៀបចំដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ទាក់ទិននឹងការអភិវឌ្ឍផ្លូវដែករបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ជាគោលការណ៍ កំណត់ឱ្យក្រុមហ៊ុនផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង និងក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណា បញ្ចប់កិច្ចចរចា និងចុះMOU ឱ្យចប់សព្វគ្រប់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។

សម្តេចធិបតី បានគូសបញ្ជាក់ថា “ផ្លូវដែកឥឡូវយើងមានមួយចំហៀង ពីជើងទៅត្បូង ដែលត្រូវធ្វើម៉េចចរចា ខ្ញុំបានឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីចរចាគ្នាឱ្យបាន MOU ព្រោះយើងកកស្ទះ គាំងរាប់សិបឆ្នាំមកហើយ”៕