ឧកញ៉ា នួន រិទ្ធី ដែលជាអគ្គនាយក ក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) បានថ្លែងប្រាប់សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមិស អំពីជំហានដំបូងក្នុងការបើកអាជីវកម្មដើម្បីទទួលបានភាពជោគជ័យត្រូវផ្អែកទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
ទី១ យើងត្រូវមានបទពិសោធន៍ ជំនាញច្បាស់លាស់ ទី២ យើងត្រូវមានបណ្តាញ ពោលគឺ នៅពេលដែលយើងបានកសាងបណ្តាញទំនាក់ទំនងច្បាស់លាស់ គួបផ្សំនឹងបទពិសោធន៍ នោះអ្វីៗនឹងធ្វើឲ្យយើងមានភាពជឿជាក់លើខ្លួនឯង ហើយអ្នកដទៃក៏មានការជឿទុកចិត្តមកលើយើងដែរ។ នោះហើយជាចំណុចគោលដៅដំបូងឈានទៅរកជោគជ័យ។
ដើម្បីឲ្យក្រុមហ៊ុនមួយដំណើរការបានដោយរលូនជោគជ័យ លោកឧកញ៉ា បានថ្លែងបន្តថា ទី១ យើងមានធនធានមនុស្សល្អ ទី២ ហិរញ្ញវត្ថុសមរម្យ ទី៣ ត្រូវមានភាពជាអ្នកគ្រប់គ្រងដឹកនាំ និង ទី៤ ទីផ្សារ បានន័យថា យើងត្រូវយល់ដឹងនិងចេះកំណត់គោលដៅទីផ្សារឲ្យបានល្អ។ ដូច្នេះ ទាំងបួននេះ យើងត្រូវតែយល់ដឹងឲ្យច្បាស់ទើបធ្វើឲ្យដំណើរការអាជីវកម្មរបស់យើងរឹងមាំយូរអង្វែង។
ផ្តើមចេញពីភាពមានបាននៅក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ លោកឧកញ៉ា នួន រិទ្ធី បានពោលពាក្យយ៉ាងខ្លីថា អី្វកើតឡើងពីការតស៊ូអត់ធ្មត់ សព្វគ្រប់បែបយ៉ាង រួមជាមួយនឹងភាពស្មោះត្រង់ ហើយ វាមិនមែនកើតឡើងដោយសារព្រេងវាសនា ឬចៃដន្យ ដេករង់ចាំទេវតាផ្តល់សំណាងនោះទេ។
ជម្រាបផងថា លោកឧកញ៉ា នួន រិទ្ធី ក៏ធ្លាប់បម្រើការងារឲ្យគេចាប់ពីបុគ្គលិកធម្មតា ក្រោយមកបានឡើងកូដបន្តបន្ទាប់ ជាប្រធានផ្នែក រហូតដល់អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដែលមានភាគហ៊ុននៅក្នុងនោះផងដែរ។