សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលចូលរួមអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរបស់ប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ កាលពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាងដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានសមាសភាព អ្នកឧកញ៉ា ហ៊ុន ឡាក់, អ្នកឧកញ៉ា ទី គឹមស្រ៊ាន, អ្នកឧកញ៉ា គួន ធីតា, ឧកញ៉ា កង លាប, អ្នកឧកញ៉ា អ៊ឹង លីហេង, ឧកញ៉ា សូ សុខប៊ុនលីម, អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ, ឧកញ៉ា ប៉ោ ឌី, ឧកញ៉ាបណ្ឌិត លី រិទ្ធ, ឧកញ៉ា ឡាយ ឈុនហួ, ឧកញ៉ា ម៉ៅ បញ្ចពណ៌, លោក ធន់ សុវិសិទ្ធ, លោកស្រី ហ៊ីម លីនដា, និងលោក ទា ធារី ចូលរួមអមដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រកបដោយភាពជោគជ័យ និងសម្រេចបានលទ្ធផលវិជ្ជមានដ៏ត្រចះត្រចង់។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមកិច្ចប្រជុំសំខាន់ៗ និងព្រឹត្តិការណ៍ធុរកិច្ចជាច្រើន។ យ៉ាងណាមិញ លទ្ធផលជារួម នៃដំណើរទស្សនកិច្ច ខាងប្រតិភូសមាគមឧកញ៉ាកម្ពុជា សម្រេចបាននូវលទ្ធផលវិជ្ជមានធំៗមួយចំនួន រួមមាន៖

១. ការចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងជួបផ្គូផ្គងធុរកិច្ចជាមួយធុរជនហ្វីលីពីន ដែលមានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន និងការផ្លាស់ប្ដូរទំនាក់ទំនងគ្នាសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ចនាពេលអនាគត។

២. ក្រោមកិច្ចសម្របសម្រួលរបស់សមាគមឧកញ៉ាកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ សម្ដេចធិបតី ក្រុមហ៊ុន Excellent Associates Group Limited បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ដែលរួមមានការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងការកែច្នៃ និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗមួយចំនួន ដូចជា ចិន ហុងកុង និងទីផ្សារដទៃទៀតនាពេលអនាគត។

៣. ជំនួបអាហារពេលព្រឹកជាមួយថ្នាក់ដឹកនាំធុរកិច្ចហ្វីលីពីនចំនួន ២៧ក្រុមហ៊ុន រៀបចំដោយ អ្នកឧកញ៉ា សៀ ឬទ្ធី ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីចែករំលែកអំពីទស្សនវិស័យ បេសកកម្ម និងតួនាទីស្នូលរបស់សមាគមឧកញ៉ាកម្ពុជា ផ្សព្វផ្សាយអំពីបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា និងការជំរុញឱ្យមានការបំពេញទស្សនកិច្ចធុរកិច្ចទៅវិញទៅមក រវាងធុរជនកម្ពុជា និងហ្វីលីពីន ដើម្បីសិក្សាឈ្វេងយល់ផ្ទាល់អំពីទីផ្សារនៃប្រទេសទាំងពីរ និងបង្កើតភាពជាដៃគូ។

៤. កិច្ចពិភាក្សារវាងសមាជិកប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីចែករំលែក និងផ្លាស់ប្ដូរគំនិតយោបល់អំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន៕