ជើងធ្វើដំណើរក្នុងស្រុក តាមទូកទំនើបល្បឿនលឿនរបស់ក្រុមហ៊ុន Buvasea Cambodia ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនវិរ: ប៊ុនថាំ ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច ដំណើរការដោយជោគជ័យ នៅថ្ងៃបើកដំណើរការដំបូង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស។

ក្នុងឱកាសបើកដំណើរការថ្ងៃដំបូងនេះ គេសង្កេតឃើញថាមានភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញទៅទទួលសេវាកម្មទូកទំនើបល្បឿនលឿនរបស់ក្រុមហ៊ុន Buvasea Cambodia ដើម្បីទទួលបានបទពិសោធន៍ថ្មី ចំណេញពេលវេលា ដោយធ្វើដំណើរត្រឹមតែរង្វង់២ម៉ោង ឬ២ម៉ោងជាងប៉ុណ្ណោះ នឹងទៅដល់កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច។
គួររំឭកថា អ្នកឧកញ៉ា សួរ វីរៈ បានអញ្ជើញក្នុងចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ អ្នកឧកញ៉ា ជឿថាកិច្ចសហការនេះ នឹងក្លាយជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ ដែលរំពឹងទទួលអ្នកដំណើរភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២៦៕










