អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពិភពថ្មី និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមឧកញ៉ាកម្ពុជា បានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាងសង់លំនៅឋានមានតម្លៃសមរម្យ លក្ខណៈជាខុនដូ តម្លៃក្រោម ២ម៉ឺនដុល្លារ ដើម្បីបំពេញតាមបំណង និងសមត្ថភាពសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន បុរី ពិភពថ្មី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ អ្នកឧកញ៉ា ហុង ពីវ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួង អំពីគម្រោងលំនៅឋានមានតម្លៃសមរម្យរបស់ក្រុមហ៊ុន ជាប្រភេទខុនដូ ក្រោម២ម៉ឺនដុល្លារ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមានកិច្ចសហការដ៏ល្អជាមួយនឹងក្រុមហ៊ុន បុរី ពិភពថ្មី ស្របនឹងគោលនយោបាយស្តីពីលំនៅឋានរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានរស់នៅ ហើយវិស័យឯកជនបានសាងសង់លំនៅឋានតម្លៃសមរម្យ សមតាមបំណង និងសមត្ថភាពសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពក្លាយជាម្ចាស់កម្មសិទ្ធិលើលំនៅឋានបានដោយខ្លួនឯង។
សូមជម្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីលំនៅឋាន ចាប់ពីឆ្នាំ២០១៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងសហការជាមួយវិស័យឯកជន បន្តជំរុញការអនុវត្តគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋ ដែលមានចំណូលមធ្យម ចំណូលទាប និងងាយរងគ្រោះ មានលទ្ធភាពទិញលំនៅឋានសម្រាប់ការរស់នៅប្រកបដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕



