ឧកញ៉ា ងួន ម៉េងតិច រៀបចំសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារ សម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ ២០២៥ បានដឹកនាំរៀបចំសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ, ឯកឧត្តម, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ, លោក ភាព សុភ័ណ តំណាងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងលោក ជា ថារក្ស ប្រធាននាយកដ្ឋានវិញ្ញាបនបត្រកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ពាណិជ្ជករ អាជីវករ សិប្បករ និងសិស្ស-និស្សិត ប្រមាណ១២០នាក់។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងពីសារៈសំខាន់នៃស្លាកសញ្ញាស្តង់ដារ ក្នុងការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាគុណភាពផលិតផល ជាពិសេសផលិតផលដែលមានបំណងនាំចេញ។ លោកបណ្ឌិត ក៏សង្កត់ធ្ងន់ទៅលើការរៀបចំប្រព័ន្ធផលិតកម្មឲ្យបានល្អ គឺសំខាន់ខ្លាំងណាស់សម្រាប់ភាពជោគជ័យរបស់អាជីវកម្ម ជាពិសេសក្នុងសហគ្រាសផលិតម្ហូបអាហារ ដោយបានលើកឡើងពីកត្តាសំខាន់ចំនួនបីនៅក្នុងដំណើរការគ្រប់គ្រងប្រព័ន្ធផលិតកម្ម គឺ៖ ១. ការគ្រប់គ្រងវត្ថុធាតុដើម ត្រូវធានាឱ្យបាននូវប្រភពគុណភាព ដំណើរការត្រឹមត្រូវ ការវេចខ្ចប់ ការស្តុកទុក និងការដឹកជញ្ជូន។ ២. ម្ចាស់អាជីវកម្មគួរតែវិនិយោគលើការគ្រប់គ្រងធនធានមនុស្ស រក្សាបុគ្គលិកដែលមានជំនាញ និងបន្តការអភិវឌ្ឍកម្លាំងពលកម្ម និង៣. ការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ឲ្យបានត្រឹមត្រូវ ដើម្បីធានានិរន្តរភាព និងពង្រីកអាជីវកម្ម។

ក្នុងឱកាសនេះដែរ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលាក្នុងថ្ងៃនេះ ដែលទទួលបានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករ។ ឯកឧត្តមឧកញ៉ាអគ្គនាយក បានមានប្រសាសន៍ថា ប្រធានបទនៃអង្គសិក្ខាសាលាថ្ងៃនេះ ពិតជាបានផ្តល់នូវសារៈសំខាន់យ៉ាងចាំបាច់ជូនដល់អ្នកចូលរួម អាចឈ្វែងយល់កាន់តែស៊ីជម្រៅអំពីនិតីវិធី និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយលម្អិតពីមន្រ្ដីជំនាញមកពីវិទ្យាស្ថានស្ដង់ដារ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ស្ថាប័នសាធារណៈ នៅក្នុងការជួយគាំទ្រដល់វិស័យឯកជននៅកម្ពុជា។

សូមជម្រាបថា សិក្ខាសាលានេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរឡើងនូវការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕