អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស ត្រូវបានប្រមុខថ្នាក់ដឹកនាំ ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជា កុងស៊ុលកិត្តិយសរដ្ឋអុីស្រាអែល ប្រចាំនៅកម្ពុជា និងត្រូវបានធ្វើពិធីតែងតាំងជាផ្លូវការ ក្រោមអធិបតីភាពលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអុីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ នៅសណ្ឋាគារ ហៃយ៉ាត រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ បន្ទាប់ពីលោកត្រូវបានស្ថានទូតអុីស្រាអែល ចេញលិខិតសុំគោលការណ៍តែងតាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

តាមលិខិតរបស់ស្ថានទូតអុីស្រាអែល ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្ថានទូតអុីស្រាអែល បានធ្វើការឆ្លើយតបទៅនឹងលិខិតស្នើសុំលេខ 1345 MFA.IC/LC5 របស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានកំណត់គោលការណ៍ឱ្យបង្កើតកុងស៊ុលកិត្តិយស រដ្ឋអុីស្រាអែល ប្រចាំកម្ពុជា ដែលមានទីតាំងនៅផ្ទះលេខ V13B បុរី ហ្គ្រែន ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងឧទ្ទេសនាម អ្នកឧកញ៉ា សួរ វីរៈ ជាកុងស៊ុលកិត្តិយស។ លិខិតដដែលបញ្ជាក់ថា កុងស៊ុលរដ្ឋអុីស្រាអែល ប្រចាំកម្ពុជា គឺមានវិសាលភាពគ្របដណ្តប់លើខេត្តទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីតែងតាំងជាផ្លូវការ កាលពីម្សិលមិញ អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាលនៃប្រទេសអ៉ីស្រាអែល ដោយមានលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអុីស្រាអែល ជាតំណាង និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់ការជឿជាក់ និងទំនុកចិត្តមកលើរូបខ្ញុំ! ខ្ញុំ សូមប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបំពេញភារកិច្ចការទូតនេះ ឱ្យបានល្អបំផុត ដើម្បីជាចំណែកចូលរួមកសាងភាពរុងរឿងរួមគ្នា ការច្នៃប្រឌិត និងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ”។
អ្នកឧកញ៉ា សួរ វីរៈ បានបន្ថែមថា ក្នុងអំឡុងពេល ទទួលភារកិច្ចដ៏ពិសេសនេះ លោកនឹងធ្វើការយ៉ាងជិតស្និតជាមួយស្ថានទូតអុីស្រាអែល រាជរដ្ឋាភិបាលកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-សភាពាណិជ្ជកម្មអ៉ីស្រាអែល ដើម្បីសម្រេចឱ្យតាមផែនការ។ ជាពិសេស លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ការគ្រប់គ្រងទឹក នវានុវត្តន៍ និងបច្ចេកវិទ្យា ដែលអ៉ីស្រាអែលកំពុងរីកចម្រើនស្រាប់ មកគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ៕




