អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនជីបម៉ុង និងលោកជំទាវ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ រៀបចំពិធីសំណេះសំណាលជាមួយកញ្ញា សាលី ស្រីមាស នាដការីដ៏មានទេពកោសល្យមួយរូប ដែលកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរត្រូវលាងឈាមជាប្រចាំ និងបានប្រកាសឧបត្ថម្ភរ៉ាប់រងការចំណាយព្យាបាលជំងឺទាំងស្រុង។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក បានសម្ដែងសេចក្តីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ជាមួយប្អូនស្រី សាលី ស្រីមាសដែលជានាដការីរបាំព្រះរាជទ្រព្យ ដ៏មានទេពកោសល្យម្នាក់ មានស្នាដៃច្រើន និងជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងអភិរក្សសម្បត្តិវប្បធម៌ខ្មែរ។ អ្នកឧកញ៉ាបានបន្តទៀតថា ក្នុងនាម ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរដែលតែងតែលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរយ៉ាងសកម្ម អ្នកឧកញ៉ាសូមសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំង ដល់ការខិតខំប្រឹងប្រែង ការតាំងចិត្ត និងភាពក្លាហានរបស់នាដការីវ័យក្មេង សាលី ស្រីមាស ដែលបានដើរតួជាសិល្បៈការនីគំរូម្នាក់ ដល់យុវជនបន្តវេនជំនាន់ក្រោយ ដោយសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនក្នុងការសម្ដែងសិល្បៈចម្រុះ របាំអប្សរា របាំក្ងោក ការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេស ជាមួយកាយវិការដ៏រស់រវើក និងពោរពេញទៅដោយសក្តានុពល ក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានសម្តែងនូវការគោរពដ៏ធំធេងចំពោះទឹកចិត្តសប្បុរស មិនអាចកាត់ថ្លៃបានរបស់អ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានទទួលរ៉ាប់រងការចំណាយលើការព្យាបាលទាំងស្រុងជូនប្អូនស្រី សាលី ស្រីមាស ដែលជានាដការីវ័យក្មេងប្រកបដោយទេពកោសល្យសិល្បៈ។
«បងស្រីម្នាក់នេះ ក៏សូមសម្តែងនូវក្តីសោមនស្ស អបអរសាទរចំពោះប្អូនស្រី សាលី ស្រីមាស ដែលអាចរកឃើញនូវក្តីសង្ឃឹមថ្មីក្នុងជីវិត តាមរយៈជំនួយនៃការព្យាបាលដោយគ្មានលក្ខខណ្ឌពីអ្នកឧកញ៉ា លាង ម៉េង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ដែល នេះប្រៀបបាននឹងការស្រោចស្រង់ជីវិតជាថ្មីចំពោះប្អូនស្រី។ កាយវិការរបស់អ្នកឧកញ៉ា ពិតជាកាយវិការប្រកបដោយក្តីសប្បុរស ដែលគួរឱ្យកោតសរសើរ និង កោតស្ញប់ស្ញែង»។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍បន្ថែម។
បើតាមអ្នកឧកញ៉ា លាង ម៉េង បានគូសបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនបង្កើតឡើងដោយខ្មែរ មានផ្នត់គំនិតជ្រោមជ្រែងខ្មែរគ្នាឯង ហើយមានតែខ្មែរដឹងពីទុក្ខធុរៈខ្មែរយើងច្បាស់ ចង់ចូលរួមចំណែករំលែកបន្ទុក និងសូមប្រកាសឧបត្ថម្ភរ៉ាប់រងការចំណាយព្យាបាលជំងឺរបស់ប្អូនស្រី សាលី ស្រីមាស ដើម្បីជាកម្លាំងចិត្តនិងជួយបំពេញក្តីស្រមៃរបស់ប្អូនស្រី បន្តបម្រើវិស័យសិល្បៈបុរាណខ្មែរតទៀត។ ក្រុមហ៊ុនជីប ម៉ុង ក៏បានរ៉ាប់រងការចំណាយព្យាបាល អតីតកីឡាករជម្រើសជាតិកម្ពុជា លោក ហួត សុគន្ធា រហូតបានធូរសះស្បើយ ដូចសព្វថ្ងៃនេះផងដែរ។








