អ្នកឧកញ៉ាបណ្ឌិត ជា រតនា សមាជិកក្រុមប្រឹក្សាសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភរថយន្ដសង្គ្រោះបន្ទាន់ទី៦២ ដល់មណ្ឌលអប់រំកែប្រែទី២ (ម២) «ព្រៃស»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត ជា រតនា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន សាន់ & មូន គ្រុប និងអ្នកឧកញ៉ា សុខ វណ្ណា ព្រមទាំងភរិយា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បាននាំយករថយន្តសង្គ្រោះបន្ទាន់១គ្រឿង ដែលជាអំណោយរថយន្តគ្រឿង ទី៦២ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់មណ្ឌលអប់រំកែប្រែទី២(ម២) ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនាឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានលើកឡើងថា៖ “ការផ្ដល់ជូនរថយន្តសង្គ្រោះបន្ទាន់ គ្រឿងទី៦២ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ គឺដើម្បីរួមចំណែកសម្រួលការលំបាករបស់មណ្ឌលអប់រំកែប្រែទី២(ម២) ជាពិសេស សម្រួលការគាំពារផ្នែកសុខសុវត្ថិភាព តម្រូវការបន្ទាន់ណាមួយ ដល់អ្នកទោសស្ត្រី នៅក្នុងពន្ធនាគារ។”

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានឱ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ដែលផ្តល់ឱ្យមណ្ឌលអប់រំកែប្រែទី២ នៅពេលនេះគឺ ចំគោលដៅដែលកំពុងត្រូវការប្រើប្រាស់ជាចាំបាច់នៅក្នុងមណ្ឌល ពិសេសសសម្រាប់អ្នកទោសជាស្ត្រីដែលក្នុងនោះរួមមាន ស្ត្រីដែលមានទំងន់ពពោះ និងស្ត្រីដែលមានកូនតាមម្តាយដែលប្រព្រឹត្តខុស មិនមានអ្នកណាមើលថែកូន ដែលជាហេតុនាំឱ្យកូនតាមម្តាយក្នុងពន្ធនាគារ ដែលចាំបាច់ត្រូវគិតគូរដោះស្រាយ ពិសេសក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលគិតគូរពីសុខភាពប្រជាពលរដ្ឋ។

ជំនួយរថយន្តសង្គ្រោះបន្ទាន់នៅពេលនេះគឺជាការធំធេង ដែលជួយទៅលើការផ្តល់សិទ្ធិដល់ស្ត្រី និងកុមារ ព្រមទាំងគាំពារផ្នែកសុខភាពរបស់ពួកគាត់ផងដែរ ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ជា រតនា និង អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំង អ្នកឧកញ៉ា សុខ វណ្ណា និងលោកស្រី ចាន់ សុទ្ធី ដែលនេះជារថយន្តសង្គ្រោះទី៦២ ដែលេជួយទ្រទ្រង់សម្រាប់វិស័យសុខាភិបាលផងដែរ។

លោក ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានសំដែងការកោតសរសើរក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារព្រមទាំងថ្នាក់ដឹកនាំ គឺមានការគោរពយ៉ាងត្រឹមត្រូវដល់សិទ្ធិអ្នកជាប់ឃុំ ពិសេសអ្នកកែភេទ និងមានទីតាំងសម្រាប់ក្មេងលេងកម្សាន្ត ព្រមទាំងបែបបទជំនឿសាសនាផ្សេងៗដែលមានកន្លែងសម្រាប់បន់ស្រន់ទៅតាមការគោរពរៀងៗខ្លួន។

គួរបញ្ជាក់ថា អ្នកឧកញ៉ាបណ្ឌិត ជា រតនា មានតួនាទីជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា តែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ ដូចជា៖ «មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា» ដែលបានកៀរគរថវិកា ពីសប្បុរជនជាតិ និងអន្ដរជាតិ ដើម្បីផ្ដល់ទាំងថវិកា និងសម្ភារៈបំពាក់ដៃជូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ឱ្យមានលទ្ធភាពរៀនសូត្រ និងប្រកបរបរចិញ្ចឹមជីវិត, ដឹកនាំជំនួយរថយន្តសប្បុរសធម៌លើកទី ៦២គ្រឿង របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនកងកម្លាំងមានសមត្ថកិច្ច កងទ័ព មណ្ឌលសុខភាពដាច់ស្រយាល និងស្ថាប័នពាក់ព័ន្ធជាហូរហែ ជាពិសេសអ្នកឧកញ៉ាបណ្ឌិត ថែមទាំងបានគិតគូរដល់សុខទុក្ខ ដល់ស្ត្រីកែភេទ ដែលកំពុងស្ថិតក្នុងពន្ធធនាគារ ថែមទៀតផង។

ក្នុងនាម អ្នកឧកញ៉ាបណ្ឌិត និងភរិយា ដែលជាពាណិជ្ជករ និងប្រតិបត្តិករឆ្នើម ក្នុងវិស័យជំនួញ ក្រុមហ៊ុន SUN & MOON GROUP របស់អ្នកឧកញ៉ាបណ្ឌិត និងអ្នកឧកញ៉ា លីហៀក រតនា ក៏បាននឹងកំពុងកសាងមូលធនមនុស្ស និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា រាប់ពាន់នាក់ តាមរយៈការបំពេញការងារនៅសណ្ឋាគារ SUN & MOON, Urban Hotel នៅម្ដុំផ្សារកណ្ដាល និងសណ្ឋាគារលំដាប់ផ្កាយ៥ SUN & MOON, Riverside Hotel នៅស្ពានអាកាសព្រះមុនីវង្ស ជាដើម៕