អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះរូបភាព និងសារដ៏ផ្អែមល្ហែមនៅលើបណ្តាញសង្គម ក្នុងថ្ងៃខួបអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ ២១ឆ្នាំ ជាមួយឧត្តមភរិយារបស់លោកគឺ លោកជំទាវ គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង អុិនដាស្ទ្រីស៍។

អ្នកឧកញ៉ា លាង ពៅ (ភីធើរ) បានបង្ហោះរូបភាពជាមួយឧត្តមភរិយានិងកូនៗជាទីស្រឡាញ់ជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយសារដ៏មានអត្ថន័យដូច្នេះថា៖ «រយៈពេល ២១ឆ្នាំ ដែលពោរពេញដោយក្តីស្រឡាញ់ ស្នាមញញឹម និងសុភមង្គល។ រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ប្រពន្ធសម្លាញ់»។
គួរបញ្ជាក់ថា អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ស្ថាបនិក Rev Up Cambodia ក្រៅពីមមារញឹកលើការងារគ្រប់គ្រងមុខជំនួញធំៗ និងរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយចំនួន អ្នកឧកញ៉ាក៏តែងមិនភ្លេចបង្ហាញភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់ដល់ក្រុមគ្រួសារ។ ជាក់ស្តែង កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ អ្នកឧកញ៉ា បានរៀបចំពិធីទទួលទានអាហារពេលល្ងាច ព្រមទាំងជូនផ្កា និងកាដូ ដល់ភរិយា និងកូនប្រុស កូនស្រីជាទីស្រឡាញ់ផងដែរ៕





