សាកលវិទ្យាល័យ អាសុី អឺរ៉ុប ជាសាកលវិទ្យាល័យដ៏ធំមួយនៅកម្ពុជា ដែលមាន អ្នកឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល។ សាកលវិទ្យាល័យនេះ បានបណ្តុះបណ្តាលនិស្សិតថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាច្រើនពាន់នាក់ គិតមកទល់បច្ចុប្បន្ន។ តើសាកលវិទ្យាល័យ អាសុី អឺរ៉ុប មានប្រវត្តិកកើតបែបណា?

យោងតាមរបាយការណ៍សង្ខេប របស់អ្នកឧកញ៉ា លី ឃុនថៃ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនិស្សិតបញ្ចប់ការសិក្សា ចំនួន ២,៥៥១ នាក់ របស់សាកលវិទ្យាល័យ អាសុី អឺរ៉ុប ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សវតារនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកើតចេញពីអង្គការក្នុងស្រុកមួយ បណ្តុះបណ្តាលជំនាញវគ្គខ្លី និងបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០០២។ បន្ទាប់មក ដោយសារប្រទេសកម្ពុជាមានភាពរីកចម្រើនគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព និងដោយមានការគាំទ្រច្រើនពីសិស្ស និស្សិត សរបញ្ជាក់ពីភាពលូតលាស់នៃវិស័យអប់រំ អង្គការ អាស៊ី អឺរ៉ុប បានបង្កើតបន្ថែមជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងឆ្នាំ២០០៥។
នៅឆ្នាំ២០១២ សាកលវិទ្យាល័យ អាសុី អឺរ៉ុប គឺជាសាកលវិទ្យាល័យឯកជនដែលបានបង្កើតថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិនមុនគេបង្អស់ ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតចិនប្រចាំនៅកម្ពុជា។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យ អាសុី អឺរ៉ុប បាននិងកំពុងបណ្ដុះបណ្ដាលធនធានមនុស្ស យ៉ាងសកម្ម សរុបបានជាង ២២ឆ្នាំ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ អង្គការ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យ សរុបចំនួន ៤៨៥ នាក់ ព្រមទាំងសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សា សរុបចំនួន ៨,៨៨១ នាក់។ ក្នុងនោះដែរ ចាប់ពីឆ្នាំសិក្សា ២០០៥ ដល់ត្រឹមឆ្នាំសិក្សា ២០២២ សិស្សថ្នាក់វិជ្ជាជីវៈ និង និស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សា សរុបចំនួន ៦៤,៤២៣ នាក់ (នារី ២៧,០៤៥ នាក់)។
អ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសាកលវិទ្យាល័យ អាសុី អឺរ៉ុប មានមុខជំនាញចំនួន ២៣ សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ, ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានមុខជំនាញចំនួន ១៨, និងថ្នាក់បណ្ឌិត មានមុខជំនាញចំនួន ៩។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រតិបត្តិផ្នែកគ្រប់គ្រងពាណិជ្ជកម្ម EMBA ។ បន្ថែមលើនេះ សាកលវិទ្យាល័យ ក៏បានពង្រីកខ្លួនបន្ថែមទីតាំងទី ៣ នៅអគារឌឹហ្គេតវេយ៍ (The Gateway) បានចាប់កំណើតឡើងដោយបើកការដ្ឋានសាងសង់អគារកម្ពស់ ៣៩ជាន់ នៅឆ្នាំ២០១៦។ បច្ចុប្បន្ន The Gateway ជាអគារធំមួយ មានចំណតធំទូលាយអាចចតរថយន្តប្រមាណ ៧០០ គ្រឿង និងបំពាក់ដោយបរិក្ខារទំនើបៗ ដែលបានផ្ដល់បរិយាកាសសិក្សាល្អប្រសើរដល់និស្សិតផងដែរ៕




