នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំរៀបចំកម្មវិធីសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ ស្ថិតនៅផ្ទះលេខ៣៩ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងពិធីកាត់ខ្សែបូសម្ពោធនូវការិយាល័យថ្មីនេះ ក៏ឃើញមានសិល្បករ សិល្បការិនីចាស់ថ្មី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗមួយចំនួន បានអញ្ជើញចូលរួមផងដែរ។ ក្នុងនោះគេឃើញមានវត្តមាន លោកអ្នកឧកញ៉ា ទ្រី ភាព និងភរិយាលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងជាអ្នករៀបចំកម្មវិធី, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា គិត ម៉េង , អ្នកឧកញ៉ា លី ឃុនថៃ, ឧកញ៉ា តាន់ មុន្នីវណ្ណ, ឧកញ៉ា គិត សូឡា។

ថ្លែងក្នុងពិធីនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មានប្រសាសន៍បញ្ជាក់ថា មកដល់ពេលនេះ សមាគមសិល្បករខ្មែរ សមាគមសិល្បករខ្មែរ អាណត្តិទី៦ មានអាយុកាលជិត១០ខែហើយ ក្រោយពេលដែលរូបលោកជំទាវមានកិត្តិយសបានជាប់ជាប្រធានសមាគមសិល្បករខ្មែរតាមរយៈការបោះឆ្នោត កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងរយៈពេលដ៏ខ្លីនេះ សមាគមបានរួមគ្នាបំពេញកិច្ចការងារជាច្រើន ទាំងកិច្ចការងារសប្បុរសធម៌ អភិរក្ស អភិវឌ្ឍក្នុងវិស័យសិល្បៈ និងចូលរួមកិច្ចការងារសង្គម។
ជាមួយគ្នានេះផងដែរ សមាគមសិល្បករខ្មែរក៏កំពុងព្យាយាមសម្រេចឱ្យបានឆន្ទៈ ក្នុងការប្តេជ្ញាចិត្តក្នុងការជួយជំរុញ លើកស្ទួយ និងអភិវឌ្ឍវិស័យសិល្បៈ វប្បធម៌ខ្មែរដ៏ល្អផូរផង់ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងនៅឆាកជាតិ និងអន្តរជាតិ។
សូមជម្រាបជូនថា សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សិល្បករ ជាពិសេសសមាជិក សមាជិកា របស់សមាគម ដូចជាការរៀបចំឱ្យមានស្នាក់ការ ដើម្បីបំពេញការងារសមរម្យក៏ជាការគិតគួរអទិភាព ក្នុងចំណោមកិច្ចការអទិភាពដទៃទៀត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបម្រើសេវានានាជូនសិល្បករ សិល្បការិនី ក៏ដូចជាសមាជិក សមាជិកាផងដែរ។
បន្ថែមពីនេះ ក្នុងរយៈជាច្រើនខែកន្លងមក សមាគមសិល្បករខ្មែរ ក៏បានធ្វើសកម្មភាពសប្បុរសធម៌ និងបានដឹកនាំសិល្បករសិល្បការិនី ចូលរួមការងារសង្គមជាច្រើនដូចជា កម្មវិធីអប់រំផ្សព្វផ្សាយ ចូលរួមអមដំណើរក្នុងចលនាការងាររាជរដ្ឋាភិបាលជាច្រើន ហើយក៏បានធ្វើការងារដោយផ្ទាល់ជាច្រើនជាមួយអ្នកសិល្បៈ ដូចជា ការចុះសួរសុខទុក្ខសិល្បករចាស់ជរា សិល្បករមានជំងឺ ការឧបត្ថម្ភដល់សិល្បករ និងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកសិល្បៈ។ ពិសេសជាងនោះទៅទៀត សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើននៅកម្ពុជាផងដែរ៕





