លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង៖ ក្នុងរយៈពេលជិត ១០ខែ សមាគមសិល្បករខ្មែរបាននិងកំពុងបន្តសកម្មភាពចំនួន៥យ៉ាង

ជុំវិញ​ឧកញ៉ា

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំរៀបចំកម្មវិធីសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ ស្ថិតនៅផ្ទះលេខ៣៩ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនាឱកាសនោះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានឱ្យដឹងថា សមាគមសិល្បករខ្មែរ ក្នុងរយៈពេលជិត១០ខែនេះ សមាគមបាននិងកំពុងបន្តសកម្មភាពជាច្រើនដូចជា៖ ១,បានចុះឈ្មោះសិល្បករចំនួន ៧៣០នាក់ ជាសមាជិក និងបន្តចុះឈ្មោះបន្ថែម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ជាក់ស្តែង។ ២,ដាក់ចេញនូវផែនការសកម្មភាពជាលក្ខណៈយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៥ ក្នុងអាណត្តិទី៦។ ៣,បន្តកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសសម្រាប់លើកស្ទួយដល់សិល្បៈវប្បធម៌ខ្មែរ។

៤,ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃ ផលិតកម្មសិល្បៈគ្រប់ទម្រង់ក្នុងគោលបំណងផ្តល់ឱកាសការងារជូនសិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ទេសចរណ៍កម្ពុជា។ ៥,ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ គណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធដទៃទៀត ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ក្រមសីលធម៌សង្គម និងជាឧត្តមប្រយោជន៍ដល់សិល្បករ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជាយើង។

សូមជម្រាបជូនថា សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន   តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សិល្បករ ជាពិសេសសមាជិក សមាជិកា របស់សមាគម ដូចជាការរៀបចំឱ្យមានស្នាក់ការ ដើម្បីបំពេញការងារសមរម្យក៏ជាការគិតគួរអទិភាព ក្នុងចំណោមកិច្ចការអទិភាពដទៃទៀត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបម្រើសេវានានាជូនសិល្បករ សិល្បការិនី ក៏ដូចជាសមាជិក សមាជិកាផងដែរ។

បន្ថែមពីនេះ​ ក្នុងរយៈជាច្រើនខែកន្លងមក សមាគមសិល្បករខ្មែរ ក៏បានធ្វើសកម្មភាពសប្បុរសធម៌ និងបានដឹកនាំសិល្បករសិល្បការិនី ចូលរួមការងារសង្គមជាច្រើនដូចជា កម្មវិធីអប់រំផ្សព្វផ្សាយ ចូលរួមអមដំណើរក្នុងចលនាការងាររាជរដ្ឋាភិបាលជាច្រើន ហើយក៏បានធ្វើការងារដោយផ្ទាល់ជាច្រើនជាមួយអ្នកសិល្បៈ ដូចជា ការចុះសួរសុខទុក្ខសិល្បករចាស់ជរា សិល្បករមានជំងឺ ការឧបត្ថម្ភដល់សិល្បករ និងការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពអ្នកសិល្បៈ។ ពិសេសជាងនោះទៅទៀត សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើននៅកម្ពុជាផងដែរ៕