អ្នកឧកញ៉ា ឧកញ៉ា ច្រើនរូបចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ”

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ”  វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះមានការចូលរួមផងដែរពីសំណាក់ អ្នកឧកញ៉ា ឡាវ កាង អនុសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន និងវត្តមាន ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមការងារចំពោះកិច្ចផ្នែកឯកជន។ ជាមួយគ្នានោះក៏មានវត្ដមានលោកឧកញ៉ា លោកជំទាវឧកញ៉ា និងតំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងក្រុមហ៊ុនឯកជនក្នុងវិស័យអចលនវត្ថុ និងសមាជិក សមាជិកានៃក្រុមការងារ “ឌ” ផ្នែកឯកជនមួយចំនួនទៀតផងដែរ។

តាមការបញ្ជាក់ឱ្យដដឹង កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។

ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមដែលមានស្រាប់ របស់ផ្នែកឯកជនរួមមាន÷ ១, ការវាយតម្លៃអចលនទ្រព្យពីសំណាក់ធនាគារ, ២, ការផ្តល់សេវាវាយតម្លៃអចលនទ្រព្យមិនស្របតាមប្រកាសរបស់អាជ្ញាធរ, ៣, ការវាយតម្លៃដែលមិនមានអាជ្ញាប័ណ្ណ, ៤, ការផ្តល់ចំនួនអាជ្ញាប័ណ្ណពី ន.អ.ប, ៥, ការផ្តល់កម្ចីមិនមានរបាយការណ៌វាយតម្លៃអចលនទ្រព្យ រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕