នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ រួមជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី២ ឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅ ដឹ ព្រេមៀរ សេនធ័រ សែនសុខ។

ថ្លែងក្នុងពិធីពិព័រណ៍ដ៏ធំខាងលើនេះ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឺ ព្រេមៀ សេនធ័រ សែនសុខ និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថា ពិធីតាំងបង្ហាញពិព័រណ៍រថយន្តនេះ ជាលើកទី២ ដោយមានក្រុមហ៊ុនចូលរួមច្រើនទ្វេដង ជាងកាលលើកទី១។ អ្នកឧកញ៉ា បានបញ្ជាក់ថា ពិព័រណ៍នេះ ជាផ្នែកមួយបង្ហាញពីស្ថានភាពសេដ្ឋកិច្ចរីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការរៀបចំតាំងបង្ហាញពិព័រណ៍រថយន្ត (Auto Show) លើកទី២ មានក្រុមហ៊ុនរថយន្ត ក៏ដូចជាដៃគូសហការផ្សេងទៀតចូលរួមជាង ៧០ក្រុមហ៊ុន ដែលជាការប្រមូលផ្ដុំក្រុមហ៊ុនផលិតរថយន្ត អ្នកលក់ និងអ្នកប្រើប្រាស់ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិតផលថ្មី ក៏ដូចជាទីផ្សារសកលនៅកម្ពុជា ព្រមទាំងជាឱកាសទំនាក់ទំនងទៅកាន់អតិថិជន មួយវិញទៀតអ្នកប្រើប្រាស់ក៏នឹងមានឱកាសទទួលបាននូវបទពិសោធន៍ថ្មី ផលិតផលថ្មី បច្ចេកវិទ្យាថ្មី រួមជាមួយចំណោះដឹងផ្នែករថយន្តផងដែរ។
គួរបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍រថយន្ត (Auto Show) លើកទី២ ឆ្នាំ២០២៥ កំពុងធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ នាថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥ នេះ៕









