អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះទស្សនកិច្ចពិនិត្យទីតាំងការសាងសង់ទំនប់ថ្មីនៅលើខ្នងភ្នំបូកគោ ដែលអាចស្តុកទឹកបានរហូតដល់១លាន ២សែនម៉ែត្រគូប ដើម្បីបំពេញតម្រូវការកំពុងកើនឡើងរបស់ប្រជាជន ដែលរស់នៅលើភ្នំបូកគោ និងសម្រាប់ប្រើប្រាស់ក្នុងការធ្វើអាជីវកម្មនានាក្នុងតំបន់។

ដោយសារប្រជាជននិងតម្រូវការទឹកកំពុងកើនឡើងនៅលើភ្នំបូកគោ ក្រុមហ៊ុន សូគីមុិច អុិនវេសមេន គ្រុប កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានចាត់វិធានការពង្រីកបន្ថែមនូវធនធានទឹក ខណៈដែលបច្ចុប្បន្ននេះ ការសាងសង់កំពុងមានវឌ្ឍនភាពជាបន្តបន្ទាប់។ រីឯបឹងធម្មជាតិលើភ្នំត្រូវបានប្រើប្រាស់់ដើម្បីផលិតជាទឹកពិសាឋានសួគ៌បូកគោ។
ក្រុមហ៊ុន ធ្លាប់បានបញ្ជាក់ថា ការពង្រីកទំនប់ទឹកថ្មីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការគ្រប់គ្រងរយៈពេលវែងនៅលើភ្នំបូកគោ។ ដោយការព្យាករណ៍តម្រូវការទឹកនាពេលអនាគត ក្រុមហ៊ុនកំពុងធ្វើការ ដើម្បីរក្សាការផ្គត់ផ្គង់ទឹកដែលអាចជឿទុកចិត្តបាន សម្រាប់ទាំងប្រជាពលរដ្ឋ និងអាជីវកម្មនៅក្នុងតំបន់។
គួរបញ្ជាក់ថា ឧទ្យានជាតិព្រះមុនីវង្ស «ភ្នំបូកគោ» ជាតំបន់ដែលមានសក្តានុពលបែបធនធានធម្មជាតិ និងប្រវត្តិសាស្ត្រ។ នៅលើភ្នំនេះ មានអំណោយផលល្អសម្រាប់វិស័យទេសចរណ៍ កសិកម្ម អចលនទ្រព្យ និងការវិនិយោគនានា។ យ៉ាងណាមិញ នៅលើភ្នំបូកគោ ក៏មានបឹងធម្មជាតិដ៏ធំមួយផងដែរ មានកម្ពស់ ១០៧៥ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ដែលអាចស្តុកទឹកបានយ៉ាងច្រើនម៉ែត្រគូប។ ទោះយ៉ាងណា បឹងធម្មជាតិលើភ្នំបូកគោ បច្ចុប្បន្នត្រូវបានប្រើប្រាស់មួយភាគធំក្នុងការផលិតទឹកពិសាបរិសុទ្ធ “ឋានសួគ៌បូកគោ” ដែលទាមទារឱ្យមានប្រភពទឹកបន្ថែម៕




