អ្នកឧកញ៉ា សៀ ឬទ្ធី យល់ថាវិស័យអចលនទ្រព្យនឹងងើបឡើងវិញ នៅឆ្នាំ២០២៦ ដោយសារកត្តា២យ៉ាង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា យល់ឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានសន្ទុះងើបឡើងវិញ នៅដើមឆ្នាំ២០២៦ ដោយសារកត្តា២យ៉ាងគឺ ១.មានការផលិតឡើងវិញ និង ២.សេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់មានការកើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាអ្នកជំនួញដ៏ធំមួយនៅកម្ពុជា លើវិស័យអចលនទ្រព្យ បានលើកឡើងថា ឆ្នាំ២០២៦ វិស័យអចលនទ្រព្យនឹងចាប់ផ្តើមងើបឡើងវិញ។ មូលហេតុដែលលោកហ៊ានអះអាងបែបនេះ គឺដោយសារ៖

១.មានការផលិតឡើងវិញ៖ យើងត្រូវដឹងថា៣ឆ្នាំចុងក្រោយនេះ ការផលិតលើវិស័យអចលនទ្រព្យមិនមាននោះទេ មានតែតម្រូវការ ទោះបីតម្រូវការមានតិចតួចក៏ដោយ។ វិស័យអចលនទ្រព្យគឺវិលជុំបែបនេះ កាលណាផលិតលើសនឹងចាល់ ហើយតម្លៃនឹងធ្លាក់ ប៉ុន្តែ៣ឆ្នាំចុងក្រោយនេះ ការផលិតមិនមានទៀតទេ គឺនាំគ្នាធ្វើតែអ្វីដែលមានស្រាប់ ដូច្នេះវាល្មមដែលវិស័យនេះ ចាប់ផ្តើមងើបឡើងវិញ នៅដើមឆ្នាំ២០២៦។

២.សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង៖ កត្តាទី២ ដែលលោកហ៊ាននិយាយបែបនេះ គឺដោយសារតែកាលណាសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ មានការកើនឡើង ដូចការទស្សទាយរបស់អ្នករកស៊ីថាឆ្នាំនេះសេដ្ឋកិច្ចនឹងល្អជាងឆ្នាំមុន ដូច្នេះនេះក៏ជាចំណុចវិជ្ជមានមួយដែរ ទៅលើវិស័យអចលនទ្រព្យ។ យើងត្រូវដឹងថា កាលណាសេដ្ឋកិច្ចមានភាពរីកចម្រើន វិស័យដែលរីកមុនគេគឺ វិស័យអចលនទ្រព្យ។

គួរបញ្ជាក់ថា ក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករថា វិស័យសំណង់ក្នុងឆ្នាំ២០២៥នេះ នឹងមានសន្ទុះក្នុងរង្វង់ ២.៥% និងអចលទ្រព្យក្នុងរង្វង់ ២.៦%។ ក្រសួងបានបញ្ជាក់ថា កំណើនក្នុងកម្រិតទាបនៅក្នុងវិស័យទាំង២នេះ គឺដោយសារសកម្មភាពសាងសង់ និងការទិញ-លក់អចលនវត្ថុមានតម្លៃទាប ខណៈលំហូរទុនវិនិយោគពីបរទេសនៅមានកម្រិតតិចតួចនៅឡើយ៕