សមាគមសិល្បករខ្មែរ អំពាវនាវដល់សិល្បករ ពិធីករ ពិធិការិនី សុំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់ពាក្យពេចន៍លេងសើច

ជុំវិញ​ឧកញ៉ា

សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន កាលល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្ដីអំពាវនាវ ដើម្បីឱ្យអ្នកសិល្បៈរួមគ្នាលើកកម្ពស់ការគោរពសិទ្ធិស្ត្រី និងតម្លៃសីលធម៌សង្គម ក្រោយតារាម៉ូដែល និងអ្នកលើកស្លាកទឹកប្រដាល់ កញ្ញា ឆឹង ចាន់មុនីរស្មី រងការប៉ះពាល់ដល់កិត្តិយស ពីសំណាក់ពិធីករប្រដាល់ គឺលោក ជួប វត្ថា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសិល្បករខ្មែរ បានកត់សម្គាល់ផងដែរថា មួយរយៈចុងក្រោយនេះ មានសកម្មភាពបន្តបន្ទាប់ បានកើតឡើងចំពោះស្ត្រី ដែលនាំមកនូវផលប៉ះពាល់ជាអវិជ្ជមានដល់ផ្លូវចិត្ត ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីយ៉ាងធ្ងន់ធ្ងរ ទោះក្នុងទម្រង់ចេតនាក្ដី ឬ/និងអចេតនាក្ដី។

ដើម្បីជៀសវាងការប្រឈមមុខទៅនឹងការទទួលខុសត្រូវលើផ្លូវច្បាប់ ក៏ដូចជាការប្រឈមមុខចំពោះមហាជនទូទៅ សមាគមសិល្បករខ្មែរ សូមធ្វើការអំពាវនាវដល់សិល្បករ សិល្បការិនី អ្នកប្រកបអាជីពសិល្បៈទាំងអស់ ជាពិសេសពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយនានា សុំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយចំពោះការប្រើប្រាស់នូវពាក្យពេចន៍លេងសើចទាំងឡាយ ក្នុងចេតនាផ្តល់ភាពសប្បាយរីករាយដល់មហាជន និងទស្សនិកជន ព្រោះពាក្យសម្តីខ្លះអាចធ្វើឱ្យមនុស្សមួយចំនួនសប្បាយរីករាយ ប៉ុន្តែកុំភ្លេចថា ពាក្យសម្តីខ្លី ក៏អាចជាអាវុធដ៏មុតស្រួចចាក់ទម្លុះបេះដូងភាគីម្ខាងទៀត បង្កការឈឺចាប់ ឬអសន្តិភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ឬអាចចាត់ចូលជាបទល្មើសក៏មាន។

ជាថ្មីម្តងទៀត សមាគមសិល្បករខ្មែរ សូមធ្វើការអំពាវនាវឱ្យសិល្បករទាំងអស់ប្រកាន់ភ្ជាប់ជាមួយនឹងក្រមសិលធម៌ គុណធម៌ និងសច្ចធម៌ ទាំងសំណេរ ពាក្យពេចន៍ កាយវិការ និងការស្លៀកពាក់។ សុំរក្សាភាពថ្លៃថ្នូរ ដើម្បីជាគំរូដល់ប្អូនៗជំនាន់ក្រោយ។ សូមចូលរួមគោរពសិទ្ធិ និងសឹចក្តីថ្លៃថ្នូរទៅវិញទៅមក ដើម្បីសេចក្តីថ្លៃថ្នូរបុគ្គល និងរក្សាបាននូវសុខដុមនីយកម្មក្នុងសង្គមជាតិទាំងមូល៕