អ្នកឧកញ៉ា លី សេងឃាង ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន East Group បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើសុំរបស់អ្នកឧកញ៉ា លី សេងឃាង ក្នុងឱកាសលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតជូនវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ដឹកនាំដោយ អ្នកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល និង លោកឧកញ៉ា ណាង សុធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ​ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមរយៈជំនួបពិភាក្សាការងារនេះដែរ អ្នកឧកញ៉ា  លី សេងឃាង ក៏បានស្នើសុំការចង្អុលបង្ហាញពី លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេសមានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការ។

យោងតាម​របាយការណ៍របស់​រដ្ឋបាលខេត្តព្រះសីហនុ គិតត្រឹមចុងឆ្នាំ២០២៤ ​ខេត្ត​ព្រះសី​ហនុ​​មានតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​១៦​ទីតាំង ប៉ុន្តែ​ដំណើរការ​ចំនួន៥ទីតាំង។ ​​៥ទីតាំង​នេះ មានរោងចក្រ​សហគ្រាស​កំពុង​ដំណើរការ​ និងមានកិច្ច​សន្យា​ជួល​ចំនួន ២៨៤​រោងចក្រ មានទុនវិនិយោគ​សរុប​ចំនួន ២,៦៥ពាន់លានដុល្លារ និងបង្កើតការងារជាង៤ម៉ឺន ​នាក់​៕