ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ដែលមាន អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយក គ្រោងនឹងនាំចូលរថយន្តអគ្គីសនីបន្ថែមចំនួន ២០០គ្រឿងទៀត ដើម្បីបម្រើសេវាកម្មដឹកទំនិញ និងសេវាកម្មដឹកអ្នកដំណើរ ជូនដល់អតិថិជន នៅក្នុងឆ្នាំ២០២៥នេះ។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសពីគម្រោងបង្កើតស្ថានីយសាកឡានអគ្គីសនី វីរ:ប៊ុនថាំ ដែលនឹងកើតមានឡើងជាច្រើនខេត្ត ក្រុង រាជធានីភ្នំពេញ និងតាមបណ្តោយផ្លូវជាតិនានាក្នុងពេលឆាប់ៗខាងមុខ។
ទាក់ទងនឹងគម្រោងខាងលើនេះដែរ អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះថា ហេតុផលដែលក្រុមហ៊ុនត្រូវធ្វើស្ថានីយ គឺដោយសារក្រុមហ៊ុនយើង មានរថយន្តច្រើនប្រភេទ ដែលមានទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ (រថយន្តដឹកទំនិញធម្មតា និងរថយន្តដឹកទំនិញត្រជាក់)។ លោកបន្តថា មកដល់ពេលនេះ ក្រុមហ៊ុនចាប់ផ្តើមប្រើរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរជាប្រភេទអគ្គីសនីហើយ ហើយនៅក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុននឹងនាំចូលបន្ថែមចំនួន ២០០គ្រឿងទៀត ដូច្នេះហើយទើបមានតម្រូវការស្ថានីយសាករថយន្តអគ្គីសនី។

អ្នកឧកញ៉ា សួរ វីរៈ ធ្លាប់បានគូសបញ្ជាក់ថា ការដាក់ចេញរថយន្តដឹកអ្នកដំណើរអគ្គីសនីមុនគេនៅកម្ពុជារបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ គឺដើម្បីបរិស្ថាន ដើម្បីសេដ្ឋកិច្ចជាតិ និងដើម្បីការបន្ថយការចំណាយរបស់ប្រជាជនកម្ពុជា។ រថយន្តអគ្គីសនីនេះ មានសម្លេងស្ងាត់ល្អ ចំណាយតិច កាត់បន្ថយកម្តៅ និងផ្ទៃខាងក្នុងទូលាយ។
សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសថៃ វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕

