តើមកទល់បច្ចុប្បន្ន ក្រុមហ៊ុនវិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ មានស្ថានីយសាករថយន្តអគ្គីសនី នៅខេត្តណាខ្លះហើយ?

ជុំវិញ​ឧកញ៉ា

គិតត្រឹមដើមខែមីនា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ បានសាងសង់ស្ថានីយសាករថយន្តអគ្គីសនីរួចរាល់ នៅរាជធានីខេត្តចាំបាច់មួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ ព្រមទាំងកំពុងបន្តសាងសង់តាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីសម្រេចគោលដៅឱ្យបានទាំង ២៥រាជធានីខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ឧកញ៉ា ញូស៍ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនវិរៈ ប៊ុនថាំ មានស្ថានីយសាកអគ្គីសនី នៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ អាចសាករថយន្តបាន ១២គ្រឿង, តាមបណ្តោយផ្លូវជាតិលេខ៥ ជិតទីរួមខេត្តពោធិ៍សាត់ អាចសាកបានម្តង ៦គ្រឿង, នៅខេត្តបាត់ដំបង អាចសាកបានម្តង ៦គ្រឿង, ខេត្តកំពង់ធំ មាននៅទីតាំងព្រៃប្រស់ និងមួយកន្លែងទៀត នៅក្រុងព្រះសីហនុ ដែលកំពុងចាប់ផ្តើម ហើយគោលដៅបន្ទាប់ ក្រុមហ៊ុននឹងធ្វើនៅខេត្តកំពត និងខេត្តកំពង់ចាម។

អ្នកឧកញ៉ាអគ្គនាយក បានបញ្ជាក់ថា ចំពោះបណ្តោយផ្លូវនានា ដែលក្រុមហ៊ុនរត់ខ្សែឡានទៅ នឹងមានតាមបណ្តោយផ្លូវជាតិ ឬអាចនៅទីរួមខេត្ត ព្រោះឡានអគ្គីសនី មិនអាចរត់ទៅដល់ទិសដៅទាំងអស់ទេ ព្រោះឡានអគ្គីសនីយើង អាចរត់បាន ៣០០គីឡូម៉ែត្រ ២០០គីឡូម៉ែត្រ ឬ៤០០គីឡូម៉ែត្រទេ។ ដូច្នេះដើម្បីតម្រូវការតាមការប្រើប្រាស់របស់ក្រុមហ៊ុន និងសាធារណជន ក្រុមហ៊ុន បានសម្រេចចិត្តវិនិយោគទៅលើស្ថានីយសាកស្ទើរតែ ២៥រាជធានី ខេត្ត គ្រាន់តែដំណាក់កាលទី១នេះ ចាប់ផ្តើមសាងសង់នៅខេត្តមួយចំនួនដែលចាំបាច់សិន ដូចជាខេត្តនៅឆ្ងាយៗ និងផ្លូវជាតិដែលឆ្លងកាត់។ ទទឹមនោះដែរ រាល់ស្ថានីយតាមផ្លូវជាតិដែលក្រុមហ៊ុនឆ្លងកាត់ មិនមានត្រឹមតែស្ថានីយប៉ុណ្ណោះទេ ពោលគឺមានជាមួយនឹងភោជនីយដ្ឋាន ហាងកាហ្វេ និងបន្ទប់ទឹកស្អាតផងដែរ។

គួរបញ្ជាក់ថា អ្នកឧកញ៉ា សួរ វីរៈ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានប្រកាសបង្កើតស្ថានីយសាកឡានអគ្គីសនី វីរ:ប៊ុនថាំ ដែលនឹងកើតមានឡើងជាច្រើនខេត្ត ក្រុង រាជធានីភ្នំពេញ និងតាមបណ្តោយផ្លូវជាតិនានា នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏គ្រោងនឹងនាំចូលរថយន្តអគ្គីសនីបន្ថែមចំនួន ២០០គ្រឿងទៀត ដើម្បីបម្រើសេវាកម្មដឹកទំនិញ និងសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជូនដល់អតិថិជន នៅក្នុងឆ្នាំ២០២៥នេះផងដែរ៕